(ប៉េកាំង)៖ អង្គទូតចិនប្រចាំអាស៊ាននិងភាគីអាស៊ាន បានរៀបចំសិក្ខាសាលានៃ «វេទិកាទំនាក់ទំនងរវាងចិននិងអាស៊ាន ទីក្រុងហ្សាការតា» តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី២០ខែឧសភា។ ប្រធានបទនៃសកម្មភាពលើកនេះគឺ «ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ រវាងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកលនិងចក្ខុវិស័យ នៃសហគមន៍រួមអាស៊ានឆ្នាំ ២០២៥ និងការពន្លឿនការអនុវត្តរបៀបវារៈ ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ»

លោក Wu Jianghao ឧបការីរដ្ឋមន្ត្រីការបរទេសចិន បានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំថា ប្រទេសចិនមានឆន្ទៈរួមជាមួយ បណ្តាប្រទេសអាស៊ានធ្វើជា អ្នកផ្តើមគំនិតនៃបុព្វហេតុការអភិវឌ្ឍពិភពលោក ប្រកាន់ខ្ជាប់ធ្វើជាអ្នកអនុវត្តជាក់ស្តែង នូវកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ នូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកល និងការកសាងសហគមន៍រួមអាស៊ាន ដើម្បីរួមចំណែករបស់ខ្លួនក្នុងការអនុវត្តរបៀបវារៈ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងសម្រេចនូវការបង្កើនលទ្ធផលជាមួយគ្នា។

ភាគីអាស៊ានបានឯកភាពគ្នាថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកល មានគំនិតស្រដៀងគ្នាជាច្រើន ជាមួយចក្ខុវិស័យសហគមន៍រួមអាស៊ាន។ ការបង្កើនការតភ្ជាប់យុទ្ធសាស្ត្រជាមួយ គំនិតផ្តួចផ្តើមការអភិវឌ្ឍជាសកល នឹងជួយដល់កិច្ចកសាងសហគមន៍រួមអាស៊ាន និងជំរុញរបៀបវារៈស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០៕

អត្ថបទដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន