(វ៉ាស៉ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងថាជនជាតិអ៊ូសបេគីស្ថានម្នាក់ រស់នៅក្នុងទីក្រុងញូយ៉ក ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ ពីបទគប់គិតនិងប៉ុនប៉ង ផ្តល់ជំនួយសម្ភារៈដល់ក្រុមភេរវករ ISIS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២។

ជនជាតិអ៊ូសបេគីស្ថានខាងលើ ឈ្មោះថា ឌីលខាយ៉ូត កាស៉ីម៉ូវ (Dilkhayot Kasimov) មានអាយុ ៣៤ឆ្នាំ។ ជនរូបនេះ ត្រូវបានរកឃើញថា ពិតជាមានទោសក្រោមបទចោទប្រកាន់ទាំងពីរ បន្ទាប់ពីការជំនុំជម្រះក្តី កាលពីឆ្នាំ២០១៩ ខណៈការចោទប្រកាន់ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៥។

អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌អាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខជាតិ លោក ម៉ាត់សូ អូលសិន (Matthew Olsen) បានគូសបញ្ជាក់ថា «ជន Kasimov គឺជាអ្នកគាំទ្រក្រុមភេរវករ ISIS ដែលបានប្រមូលប្រាក់ឱ្យបុគ្គលម្នាក់ទៀត ដើម្បីជួយជនរូបនោះ ធ្វើដំណើរទៅចូលរួមជាមួយក្រុមភេរវករ។ ជាមួយសាលក្រមនេះ Kasimov ត្រូវបាន ដាក់ទោស សម្រាប់បទឧក្រិដ្ឋរបស់ខ្លួន»

លោក Olsen បានបន្ថែមថា «Kasimov គឺជាបុគ្គលម្នាក់ក្នុងចំណោមក្រុមបុគ្គល ដែលស្វែងរកការធ្វើដំណើរទៅកាន់ប្រទេសស៉ីរី ដើម្បីចូលរួមជាមួយក្រុមភេរវករ ISIS ឬដើម្បីផ្តល់មូលនិធិដល់អ្នកដទៃ ដែលចង់ក្លាយជាអ្នកប្រយុទ្ធបរទេស សម្រាប់ក្រុមភេរវករ ISIS»

គួរបញ្ជាក់ថា បើតាមក្រសួងយុត្តិធម៌អាមេរិក ក្នុងឆ្នាំ២០១៥ អ្នករួមគំនិតជាមួយ Kasimov គឺជន អាប់ឌូរ៉ាស៊ូល ជូរ៉ាបេវ (Abdurasul Juraboev) និងជន អាក់រ័រ សៃដាកមេតូវ (Akhror Saidakhmetov) មានផែនការធ្វើដំណើរទៅកាន់ប្រទេសស៉ីរី ដើម្បីប្រយុទ្ធក្នុងនាមជាក្រុមភេរវករ ISIS។ Kasimov បានផ្តល់ប្រាក់ ដើម្បីជួយឧបត្ថម្ភដល់ការធ្វើដំណើរ និងការចំណាយរបស់ ជន Saidakhmetov។ ជន Juraboev និង Saidakhmetov ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំដូចគ្នា៕