(ណៃពិដោ)៖ របបយោធាមីយ៉ាន់ម៉ា នឹងកាត់ទោសប្រហារជីវិត អតីតសមាជិកគណបក្សរបស់លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) និងសកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ ពីបទភេរវកម្ម ដែលវានឹងជាការកាត់ទោសប្រហារជីវិត តាមប្រព័ន្ធតុលាការ ជាលើកដំបូងរបស់ប្រទេសអាស៉ីអាគ្នេយ៍មួយនេះ គិតចាប់តាំងពីឆ្នាំ១៩៩០មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២។

អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា លោក ហ្ស័រ មីន ទុន (Zaw Min Tun) បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា មនុស្សចំនួន ៤នាក់ រួមទាំងអតីតសមាជិកគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi គឺលោក ភីយ៉ូ ហ្សេយ៉ា តរ (Phyo Zeya Thaw) និងសកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ គឺលោក ក្យរ មីន យូ (Kyaw Min Yu) ឬត្រូវបានគេស្គាល់ថា ជីមី (Jimmy) ដែលត្រូវបានកាត់ទោសប្រហារជីវិត នឹងត្រូវព្យួរកតាមនីតិវិធីនៃពន្ធនាគារ។

លោក Phyo Zeya Thaw ដែលត្រូវបានចាប់ខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានកាត់ទោសប្រហារជីវិត កាលពីខែមករា ឆ្នាំ២០២២ ពីបទឧក្រិដ្ឋនៅក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម។ រីឯលោក Kyaw Min Yu ត្រូវបានកាត់ទោសពីបទដូចគ្នា នៅក្នុងតុលាការយោធា។

លោក Zaw Min Tun បានបន្ថែមថា «ពួកគេបានបន្តនិតីវិធីនៃការដាក់ពាក្យប្តឹងឧទ្ធរណ៍ ហើយផ្ញើលិខិតស្នើសុំសម្រាប់ការកែសម្រួល នូវសាលក្រមកាត់ទោស។ ប៉ុន្តែតុលាការ បានច្រានចោលបណ្តឹងឧទ្ធរណ៍ និងសំណើរបស់ពួកគេ។ ដូច្នេះហើយ គ្មានជំហានណាផ្សេងទៀត ដែលអាចធ្វើបន្ទាប់ពីនេះនោះទេ»

អ្នកនាំពាក្យរូបនេះ បានបន្តថា បុរសពីរនាក់ផ្សេងទៀត ក៏ត្រូវបានកាត់ទោសប្រហារជីវិតផងដែរ ពីបទឃាតកម្មលើស្ត្រីម្នាក់ ដែលពួកគេចោទប្រកាន់ថា ជាអ្នកផ្តល់ព័ត៌មានឱ្យរបបយោធានៅក្នុងទីក្រុងយ៉ាងហ្គូន (Yangon)។ សម្រាប់កាលបរិច្ឆេទ នៃការប្រហារ ជីវិតជនទាំង៤រូប គឺមិនទាន់មានត្រូវបានកំណត់ច្បាស់នៅឡើយទេ។

គួរបញ្ជាក់ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានផ្តន្ទាទោសប្រហារជីវិត សកម្មជនប្រឆាំងរដ្ឋប្រហាររាប់សិបនាក់ ដែលជាផ្នែកមួយ នៃការបង្រ្កាបលើក្រុមអ្នកដែលប្រឆាំងរបបរបស់ខ្លួន បន្ទាប់ពីការដណ្តើមអំណាចកាលពីឆ្នាំមុន ប៉ុន្តែមីយ៉ាន់ម៉ាមិនបានអនុវត្ត ការកាត់ទោសប្រហារជីវិត អស់រយៈពេលប៉ុន្មានទសវត្សរ៍មកហើយ៕