(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ បានទទួលមរណភាពហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុរន្ទកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជបុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។

បើតាម NHK លោក អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់ឱ្យរបួសធ្ងន់ចំទ្រូង និងកផ្នែកខាងស្ដាំ ខណៈលោកកំពុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជន មកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ បុរសម្នាក់ជាជនសង្ស័យម្នាក់មានឈ្មោះថា យ៉ាម៉ាហ្កាមិ តេស៊ុយ៉ា (Yamagami Tetsuya) មានអាយុ៤១ឆ្នាំ និងជាអតីតសមាជិកកងកម្លាំងស្វ័យការពារជប៉ុន ត្រូវបានប៉ូលិសចាប់ខ្លួន។

*តើលោក អាបេជានរណា?

លោក អាបេ មានអាយុ៦៧ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០។ គណបក្សសេរីប្រជាធិបតេយ្យរបស់លោក អាបេ បានគ្រប់គ្រងនយោបាយជប៉ុន ចាប់តាំងពីងឆ្នាំ១៩៥៥មក។ លោក អាបេ បានលាលែងចេញពីតំណែងនៅខែសីហា ឆ្នាំ២០២០ ក្រោមហេតុផលបញ្ហាសុខភាព តែលោកគឺជា មេដឹកនាំម្នាក់ ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនបានយូរជាងគេ។

*ហេតុអ្វីលោក អាបេ សំខាន់ចំពោះនយោបាយជប៉ុន?

ទោះជាបានលាលែងចេញពីតំណែងក៏ពិតមែន តែលោក អាបេ នៅតែបន្តមានឥទ្ធិពលយ៉ាងខ្លាំងលើនយោបាយជប៉ុន ដោយសារតែភាពជោគជ័យនៃនយោបាយសេដ្ឋកិច្ច «Abenomics» របស់លោក។ លោកជាមនុស្សម្នាក់ដែលដឹកនាំយុទ្ធនាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ជប៉ុន ដែលបានអនុញ្ញាតឱ្យជប៉ុនអាចធ្វើសកម្មភាព យោធាជួយដល់សម្ព័ន្ធមិត្ត ជាផ្នែកមួយនៃការពង្រឹងវិស័យការពារជាតិជប៉ុន។ បន្ថែមពីលើនេះ នៅក្នុងអាណត្តិដំបូង លោក អាបេ បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការស្ដារឡើងវិញ សម្ព័ន្ធភាពសន្តិសុខចតុភាគី ឬហៅកាត់ថា ក្វាដ (Quad) ជាមួយឥណ្ឌា អូស្ត្រាលី និងសហរដ្ឋអាមេរិក ក្នុងគោលបំណងខ្ទប់ការកើនឡើងឥទ្ធិពលចិន។ លោក អាបេក៏ជាមនុស្សម្នាក់ ដែលមានបានជំរុញឱ្យសហរដ្ឋអាមេរិកបោះបង់ចោលគោលនយោបាយមិនច្បាស់ចំពោះតៃវ៉ាន់ផងដែរ៕

វិដេអូបង្ហាញពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ រងការបាញ់ប្រហារកំឡុងពេលថ្លែងសុរន្ទកថាមួយក្នុងទីក្រុង Nara ប្រទេសជប៉ុន៖ Telegram https://t.me/freshnewsasia/98422