(ប៊ែរឡាំង)៖ ទីក្រុងប៊ែរឡាំងបានចាប់ផ្តើមបិទភ្លើងស្តុបបំភ្លឺ វិមានប្រវត្តិសាស្ត្ររបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាតិដើម្បីសន្សំថាមពល ប្រឈមមុខនឹងការខ្វះខាតឧស្ម័នរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្ដដា ឆ្នាំ២០២២។

មន្ត្រីរដ្ឋធានីអាល្លឺម៉ង់បាននិយាយនៅសប្តាហ៍នេះថា អគារ និងកន្លែងសំខាន់ៗចំនួន២០០កន្លែង ក្នុងនោះរួមទាំងសាលទីក្រុងឥដ្ឋក្រហមរបស់ទីក្រុងប៊ែកឡាំង រោងមហោស្រពរដ្ឋ និងវិមាន Charlottenburg នឹងប្រែជាងងឹតនៅពេលយប់ ដើម្បីសន្សំថាមពល។

លោក Bettina Jarasch ប្រធានមន្ត្រីបរិស្ថានរបស់ទីក្រុងបាននិយាយកាលពីថ្ងៃពុធថា «ដោយសារសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន និងការគំរាមកំហែងគោលនយោបាយថាមពលដោយប្រទេសរុស្ស៊ី វាជារឿងសំខាន់ដែលយើងត្រូវប្រុងប្រយ័ត្នតាមដែលអាចធ្វើទៅបាន ជាមួយនឹងថាមពលរបស់យើង»

ការិយាល័យរបស់លោក Jarasch បាននិយាយថា គោលនយោបាយនេះដំបូងឡើយបានប៉ះពាល់ដល់វិមានប្រវត្តិសាស្ត្រចំនួន ៦កន្លែងចាប់ពីយប់ថ្ងៃពុធ ហើយនៅទីបំផុតនឹងរួមបញ្ចូលអគារចំនួន២០០កន្លែង និងកន្លែងបំភ្លឺចំនួន ១,៤០០កន្លែងទៀត ក្នុងរយៈពេលបួនសប្តាហ៍ខាងមុខ៕