(ម៉ានីល)៖ នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr.) បានធ្វើដំណើរចាកចេញពី អាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងម៉ានីល ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅឯប្រទេសឥណ្ឌូណេស៉ី ខណៈវាគឺជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងបំផុត ចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីថ្ងៃទី៣០ ខែមិថុនាមក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២។

លោក ម៉ាកូស នឹងស្ថិតនៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៉ី ចាប់ពីថ្ងៃទី៤ព ដល់ថ្ងៃទី៦ ខែកញ្ញា ហើយនឹងជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ព្រមទាំងចូលរួមធ្វើជាអធិបតី នៃការចុះកិច្ចព្រមព្រៀងស្តិពីវិស័យសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច និងវប្បធម៌ផងដែរ។ ក្រៅពីនោះ ផែនការសកម្មភាពរយៈពេល៥ឆ្នាំ រវាងហ្វីលីពីននិងឥណ្ឌូណេស៉ី ស្តីពីគម្រោងក៏ដូចជាសកម្មភាពរួមគ្នាផ្សេងៗ ក៏នឹងត្រូវចុះហត្ថលេខា ថែមទៀតផង។

គួរបញ្ជាក់ថា ក្រោយទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៉ី លោកប្រធានាធិបតីហ្វីលីពីន នឹងបន្តដំណើរទៅកាន់គោលដៅមួយទៀត គឺប្រទេសសិង្ហបុរី ជាទីដែលរូបលោកនឹងចំណាយពេល២ថ្ងៃ គឺថ្ងៃទី៦-៧ ខែកញ្ញា ដើម្បីធ្វើទស្សនកិច្ច។ បើតាមការអះអាងរបស់លោក ម៉ាកូស សិង្ហបុរីបានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ហ្វីលីពីន ប្រចាំនៅតំបន់អាស៉ីអាគ្នេយ៍ និងជាប្រភពចម្បងជាងគេនៃការបោះទុនវិនិយោគ កាលពីឆ្នាំ២០២១៕