(បែរឡាំង)៖ រដ្ឋមន្រ្តីអភិវឌ្ឍន៍អាល្លឺម៉ង់ លោកស្រី ស្វ៊ែនយ៉ា ស៊ូលហ្សឺ (Svenja Schulze) បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក ហ្វាំងកឺ មេឌៀ (Funke Media) នាថ្ងៃអាទិត្យនេះថា អាល្លឺម៉ង់នឹងផ្តល់ជំនួយបន្ថែមទៀតទំហំ ២០០លានអឺរ៉ូ (១៩៩.០៦ដុល្លាអាមេរិក) ដល់អ៊ុយក្រែន ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីជំនួយផ្សេងៗ សម្រាប់ប្រជាជនអ៊ុយក្រែន ដែលត្រូវបានបង្ខំឱ្យព្រាត់ប្រាស់ពីលំនៅឋាន នៅក្នុងប្រទេសពួកគេផ្ទាល់ ដោយសារតែការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី ស៊ូលហ្សឺ បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំនឹងជួបពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស ស៊្មីហាល់ (Denys Shmyhal) អំពីមធ្យោបាយដែលយើង អាចបន្តគាំទ្រដល់រដ្ឋាភិបាលអ៊ុយក្រែន ក្នុងការជួយទំនុកបម្រុងជនផ្លាស់ទីក្នុងស្រុកទាំងនោះ។ ថវិកាជំនួយបន្ថែមរបស់យើងនេះ មានគោលដៅជួយ ជនខ្ចាត់ព្រាត់ផ្ទះសម្បែងនៅអ៊ុយក្រែន ឱ្យបន្តទទួលបានការមើលថែទាំ និងសម្ភារៈចាំបាច់ផ្សេងៗ»។ លោក ស៊្មីហាល់ នឹងមកធ្វើទស្សនកិច្ចនៅទីក្រុងបែរឡាំង នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ជាទីដែលលោកនឹងជួបជាមួយ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz)។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែសីហា មនុស្សសរុបកើនដល់៧លាននាក់ ត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅ នៅក្នុងប្រទេសអ៊ុយក្រែនផ្ទាល់ គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ដោយឡែក កាលពីខែមុន មន្រ្តីរដ្ឋាភិបាលអាល្លឺម៉ង់មួយរូប បានបង្ហើបឱ្យដឹងថា សហភាពអឺរ៉ុបមានបំណងរៀបចំ កញ្ចប់ជំនួយហិរញ្ញវត្ថុទំហំខ្ទង់ ៨ពាន់លានអឺរ៉ូ ឱ្យបាននៅត្រឹមខែកញ្ញា សម្រាប់អ៊ុយក្រែន ហើយអាល្លឺម៉ង់ក៏ចូលរួមផ្តល់វិភាគទាន ទៅក្នុងនោះផងដែរ៕