(ព្រុចសែល)៖ សហព័ន្ធអ្នកកាសែតអន្តរជាតិ (International Federation of Journalists ឬ IFJ) បានចេញរបាយការណ៍ថ្មីមួយឱ្យដឹងថា វិបត្តិសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន បូករួមជាមួយភាពវឹកវរនៅក្នុងប្រទេសហៃទី ហើយនិងការកើនឡើងនៃអំពើហិង្សា ដោយក្រុមឧក្រិដ្ឋជននៅម៉ិកស៉ិក បានចូលរួមចំណែកក្នុងការកើនឡើងនៃចំនួនអ្នកសារព័ត៌មាន ដែលបានបាត់បង់ជីវិតកំលុងពេលបំពេញការងារ នៅក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២។

សហព័ន្ធ IFJ បាននិយាយកាលពីថ្ងៃសុក្រ នៅក្នុងរបាយការណ៍របស់ខ្លួនថា ក្នុង២០២២នេះ មកទល់ពេលឥឡូវ មានអ្នកកាសែតនិងបុគ្គលិកស្ថាប័នផ្សព្វផ្សាយព័ត៌មាន ចំនួន៦៧នាក់ហើយ ត្រូវបានគេសម្លាប់នៅជុំវិញពិភពលោក។ តួលេខនេះលើសចំនួនអ្នកសារព័ត៌មាន ដែលបានបាត់បង់ជីវិត កាលពីក្នុងឆ្នាំមុន ២០នាក់ ដោយកាលពីឆ្នាំ២០២១ មានអ្នកកាសែតស្លាប់ ៤៧នាក់។

យោងតាមរបាយការណ៍របស់ IFJ បុគ្គលិកបណ្តាញសារព័ត៌មានសរុបចំនួន១២នាក់ បានស្លាប់កំលុងពេលយកព័ត៌មានអំពីសង្រ្គាមនៅ​អ៊ុយក្រែន ដែលជាចំនួនច្រើនជាងប្រទេសណាៗទាំងអស់ ក្នុងឆ្នាំនេះ។ ពួកគេភាគច្រើនគឺជាអ្នកកាសែតអ៊ុយក្រែនផ្ទាល់ ប៉ុន្តែអ្នកកាសែត​បរទេសមួយចំនួន ក៏បានបាត់បង់ជីវិតផងដែរ ខណៈការស្លាប់ភាគច្រើនបានកើតឡើង កំលុងភាពចលាចលនាប៉ុន្មានសប្តាហ៍ដំបូង​នៃសង្រ្គាម។

គួរបញ្ជាក់ថា សហព័ន្ធអ្នកកាសែតអន្តរជាតិ IFJ ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក តំណាងឱ្យអ្នកសារព័ត៌មានសរុបប្រមាណជា ៦០០,០០០នាក់ មកពីសហជីពនិងសមាគម នៃបណ្តាប្រទេសជាង១៤០ ជុំវិញពិភពលោក៕