(ញូយ៉ក)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីសម្រេចមួយ ដែលអនុញ្ញាត​ឱ្យកិច្ចប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ អាចដំណើរការដោយពុំមានឧបសគ្គរាំងស្ទះនោះឡើយ ទៅកាន់បណ្តាប្រទេសដែលជាប់ទណ្ឌកម្ម​របស់ UN ជាពិសេសការបង្កកទ្រព្យសម្បត្តិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២២។

ខ្លឹមសារនៃសេចក្តីសម្រេចខាងលើ បានគូសបញ្ជាក់ថា ការផ្តល់ «មូលនិធិ» «ធនធានសេដ្ឋកិច្ច» «ទំនិញ»«សេវាកម្ម» ទាំងឡាយណា ដែលចាំបាច់ដើម្បីធានាបាននូវ កិច្ចប្រឹងប្រែងជំនួយមនុស្សធម៌ទាន់ពេលវេលា គឺត្រូវបានអនុញ្ញាតហើយមិនល្មើសនឹងទណ្ឌកម្ម ដែលបាន​ដាក់ដោយក្រុមប្រឹក្សាសន្តិសុខ UN ឡើយ។ សេចក្តីសម្រេចនេះ ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រចំនួន១៤ ដោយលើកលែងតែឥណ្ឌាប៉ុណ្ណោះ ដែលបានបោះឆ្នោតក្នុងសំឡេងអនុបវាទ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ UN លោកស្រី លីនដា ថូម៉ាស់-គ្រីនហ្វៀល (Linda Thomas-Greenfield) បាននិយាយយ៉ាងដូច្នេះថា «យើងទាំងអស់គ្នាចាំបាច់ត្រូវតែធ្វើអ្វីគ្រប់យ៉ាង តាមលទ្ធភាពដែលពូកយើងមាន ដើម្បីជួយដល់បណ្តាដៃគូមនុស្សធម៌ ឱ្យទៅដល់ប្រជាជន​ដែលងាយរងគ្រោះបំផុតរបស់ពិភពលោក ដោយមិនគិតថាពួកគេរស់នៅទីណា, ជាមួយនរណា ហើយនរណាគ្រប់គ្រងទឹកដីរបស់ពួកគេ​នោះទេ»

លោកស្រី ថូម៉ាស់-គ្រីនហ្វៀល បានបន្តទៀតថា «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា នេះគឺមិនពាក់ព័ន្ធទៅនឹងគុណធម៌នៃទណ្ឌកម្មផ្ទាល់ឡើយ។ គោលដៅរបស់យើងនៅតែដដែលជានិច្ច គឺរារាំងពួកភេរវករ និងអ្នកដែលរំលោភសិទ្ធិមនុស្ស តាមរយៈការប្រើប្រាស់មធ្យោបាយត្រឹមត្រូវ ដើម្បីរក្សាសន្តិភាពនិងសន្តិសុខ ប៉ុន្តែទន្ទឹមគ្នាអាចអនុញ្ញាតឱ្យ កិច្ចប្រឹងប្រែងមនុស្សធម៌ ដែលចាំបាច់សម្រាប់ការសង្រ្គោះជីវិត អាចប្រព្រឹត្តទៅសម្រាប់អ្នកដែលត្រូវការពួកវា»

កន្លងមកនៅពេលដែលអង្គការមនុស្សធម៌ ទទូលរងផលប៉ះពាល់ដោយសារទណ្ឌកម្មរបស់ UN ក្រុមប្រឹក្សាសន្តិសុខជាទម្លាប់ តែងតែទទួល​ដោះស្រាយបញ្ហាដោយអាស្រ័យលើ ស្ថានភាពជាក់ស្តែងរបស់ករណីនីមួយៗ។ ដូច្នេះហើយ សេចក្តីសម្រេចដែលត្រូវបានអនុម័តកាលពីថ្ងៃសុក្រ គឺលើកឡើងយ៉ាងទូលំទូលាយថា សកម្មភាពគាំទ្រនានា សម្រាប់កិច្ចប្រឹងប្រែងមនុស្សធម៌ នឹងមិនត្រូវចាត់ទុកជាការបំពានទណ្ឌកម្ម​របស់ UN នោះទេ។

សេចក្តីសម្រេចនេះមានប្រសិទ្ធភាពទៅលើ ស្ថាប័ននានារបស់ UN ផ្ទាល់ ព្រមទាំងអង្គការអន្តរជាតិ ហើយនិងអង្គភាពមនុស្សធម៌ ដែលមាន​ឋានៈសង្កេតការណ៍របស់មហាសន្និបាត UN ដូចជាគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ជាដើម រួមជាមួយក្រុមផ្តល់ជំនួយ ដែលធ្វើការជាមួយអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា យោងតាមការវាយតម្លៃកាលពីដើមខែធ្នូនេះរបស់ UN គឺមនុស្សចំនួន៦៥លាននាក់បន្ថែមទៀត នឹងត្រូវការជំនួយមនុស្សធម៌ នៅឆ្នាំក្រោយ ដែលនាំឱ្យចំនួនសរុបឡើងដល់ ៣៣៩លាននាក់ នៅក្នុងប្រទេសចំនួន៣៨។ UN បានប្រកាសស្នើសុំថវិកាប្រមាណ ៥១.៥ ពាន់លានដុល្លារ សម្រាប់ការផ្តល់ជំនួយនៅឆ្នាំ២០២៣៕