(បែរឡាំង)៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន និងអាល្លឺម៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការផ្តល់ «វ៉ាក់សាំងអាល្លឺម៉ង់» ដល់ជនជាតិអាល្លឺម៉ង់នៅក្នុងប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២។

លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រសប្តាហ៍នេះថា ការរៀបចំពាក់ព័ន្ធត្រូវបានពិភាក្សា និងកំណត់ដោយភាគីទាំងពីរតាមរយៈបណ្តាញការទូត។

វ៉ាក់សាំង BioNTech (22UAy.DE) របស់ក្រុមហ៊ុន BioNTech នឹងក្លាយជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ដំបូងគេ ដែលមិនមែនជារបស់ចិនហើយអាចប្រើប្រាស់បាននៅក្នុងប្រទេស។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី៤ ខែវិច្ឆិកា អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) បានប្រកាសកិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឱ្យជនបរទេសនៅក្នុងប្រទេសចិនប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ ពីក្រុមហ៊ុន BioNTech ដែលផលិតក្នុងប្រទេសអាល្លឺម៉ង់៕