(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២១ ខែធ្នូនេះ បានទទួលស្គាល់ជាផ្លូវការហើយថាខ្លួននឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីលប៉ាទ្រីយ៉ូត (Patriot) ឱ្យអ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវទប់ទល់នឹងការទម្លាក់គ្រាប់បែក និងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៉ី។

ប្រព័ន្ធខែលប្រឆាំងមីស៊ីលប៉ាទ្រីយ៉ូត (Patriot) នឹងត្រូវផ្ដល់ឱ្យអ៊ុយក្រែន នៅក្រោមកញ្ចប់ជំនួយយោធា ១.៨៥ពាន់លានដុល្លារ ដែលត្រូវបានប្រកាសចំពេល ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅប្រទេស​ចាប់តាំងពីសង្រ្គាម ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ហ្សេលេនស្គី នៅឯសេតវិមាន លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏បានបញ្ជាក់បន្ថែមដែរថាសហរដ្ឋអាមេរិក នឹងបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន ពីរបៀបប្រើប្រាស់ប្រព័ន្ធខែលប្រឆាំងមីស៊ីលប៉ាទ្រីយ៉ូត (Patriot) ដែលនឹងត្រូវចំណាយពេលវេលាមួយចំនួន។ ប៉ុន្តែ លោក បៃដិន នៅតែសង្កត់ធ្ងន់ថាប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះត្រូវផ្ដល់​ឱ្យអ៊ុយក្រែន ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ីតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ ធ្លាប់បានព្រមានថាប្រព័ន្ធខែលប្រឆាំងមីស៊ីលប៉ាទ្រីយ៉ូត (Patriot) នឹងក្លាយជាគោលដៅស្របច្បាប់នៃការវាយប្រហាររបស់កងទ័ពរុស្ស៉ី នៅក្នុង សង្រ្គាមអ៊ុយក្រែន ហើយវាអាចនឹងធ្វើឱ្យសង្រ្គាមផ្ទុះឡើងកាន់តែខ្លាំង។ ដូច្នេះថាតើអ្វីទៅជាប្រព័ន្ធខែលប្រឆាំងមីស៊ីលប៉ាទ្រីយ៉ូត (Patriot) ហើយថាតើវានឹងអាចជួយអ្វីខ្លះ ដល់អ៊ុយក្រែន?

*តើអ្វីទៅជាប៉ាទ្រីយ៉ូត (Patriot)?

Patriot គឺជាប្រព័ន្ធខែលប្រឆាំងមីស៊ីលដែលបាញ់ចេញពីផ្ទៃដី ទៅអាកាស។ ប្រព័ន្ធខែលប្រឆាំងមស៊ីលនេះផលិតដោយក្រុមហ៊ុនអាមេរិក Raytheon Technologies Corp និងត្រូវបានចាត់ទុកថាជាប្រព័ន្ធអាវុធដ៏ទំនើបមួយនៅក្នុងចំណោមប្រព័ន្ធការពារដែនអាកាសទំនើបៗ នៅក្នុងឃ្លាំងអាវុធអាមេរិក។ Patriot ត្រូវបានសហរដ្ឋអាមេរិក ប្រើ ជាលើកដំបូងអំឡុងសង្រ្គាមឈូងសមុទ្រពែក្សឆ្នាំ១៩៩១ ក្នុងការការពារសម្ព័ន្ធមិត្តដូចជាអារ៉ាប៊ីសាអូឌីត គុយវ៉ែត និងអ៉ីស្រាអែល ហើយក្រោយមកត្រូវបានប្រើនៅក្នុង សង្រ្គាមឈ្លានពានរបស់សហរដ្ឋអាមេរិកនៅអ៉ីរ៉ាក់ឆ្នាំ២០០៣។

ប្រព័ន្ធខែលប្រឆាំងមីស៊ីលប៉ាទ្រីយ៉ូត (Patriot) មានបំពាក់ដោយប្រព័ន្ធរ៉ាដា ស្ថានីយគ្រប់គ្រង ម៉ាស៊ីនភ្លើង ស្ថានីយបាញ់ និងយានគាំទ្រមួយចំនួនទៀត ហើយប្រព័ន្ធអាវុធនេះ មានសមត្ថភាពផ្សេងគ្នាៗ អាស្រ័យទៅលើប្រភេទនៃមីស៊ីលស្ទាក់ចាប់ដែលត្រូវបានប្រើ។ ជាឧទាហរណ៍ មីស៊ីលស្ទាក់ចាប់ PAC-2 បាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 បាញ់បានចម្ងាយអតិបរមា ៦៩គីឡូម៉ែត្រ។ បើតាមបក្សសម្ព័ន្ធយោធា NATO​ កាលពីឆ្នាំ២០១៥ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០គីឡូម៉ែត្រ។

*តើ Patriot ថ្លៃប៉ុន្មាន?

បើតាមមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) Patriot មានតម្លៃជាង ១ពាន់លានដុល្លារ ក្នុងនោះ ៤០០លានដុល្លារសម្រាប់ប្រព័ន្ធ និង៦៩០លានដុល្លារសម្រាប់មីស៊ីល ដោយក្នុងមួយគ្រាប់មានតម្លៃជាង ៤លានដុល្លារ។

*តើប្រទេសណាខ្លះមានប៉ាទ្រីយ៉ូត (Patriot) ប្រើ?

ក្រុមហ៊ុន Raytheon ផលិតបាន Patriot ជាង ២៤០គ្រឿង ហើយបច្ចុប្បន្នមានប្រទេសចំនួន១៨ កំពុងប្រើក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ហើយប្រព័ន្ធខែលប្រឆាំងមីស៊ីល នេះមានតម្រូវការខ្ពស់ជាងគេនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយសារបណ្ដាប្រទេសអារ៉ាប់បារម្ភពីការគំរាមកំហែងពីអ៉ីរ៉ង់។ បើតាមក្រុមហ៊ុន Raytheon ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ត្រូវបានប្រើក្នុងការស្ទាក់ចាប់បំផ្លាញមីស៊ីលបាលិស្ទីគច្រើនជាង ១៥០គ្រាប់នៅលើសមរភូមិចាប់តាំងពីឆ្នាំ២០១៥មក។

*តើ Patriot អាចជួយអ្វីខ្លះដល់អ៊ុយក្រែន?

អ៊ុយក្រែន កំពុងត្រូវការជាចាំបាច់នូវប្រព័ន្ធការពារដែនអាកាសបន្ថែម ដើម្បីទប់ទល់នឹងការបាញ់ស្រោចមីស៊ីល និងយន្ដហោះដ្រូនពីសំណាក់កងទ័ពរុស្ស៉ី។ មកទល់នឹងបច្ចុប្បន្ន សហរដ្ឋអាមេរិក បានផ្ដល់ប្រព័ន្ធមីស៊ីល NASAMS មួយគូឱ្យអ៊ុយក្រែន។ Patriot ត្រូវបានអភិវឌ្ឍឡើងដោយមានសមត្ថភាពស្ទាក់ចាប់បំផ្លាញយន្ដហោះចម្បាំង និងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី រួមទាំងមីស៊ីលគ្រូស ហើយព្រមពេលជាមួយគ្នា វាក៏អាចបាញ់ទម្លាក់យន្ដហោះដ្រូនអត្តឃាតដែលរុស្ស៉ីកំពុងប្រើជាញឹកញាប់ ក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនផងដែរ។ ប៉ុន្តែ នៅត្រង់ចំណុចនេះ ក្រុមអ្នកជំនាញខ្លះយល់ថាការប្រើមីស៊ីលមួយគ្រាប់ថ្លៃលានដុល្លារទៅបាញ់ទម្លាក់ យន្ដហោះដ្រូន មានតម្លៃមួយគ្រឿងតែជាង ៥០,០០០ដុល្លារដែលរុស្ស៉ីកំពុងប្រើវាយប្រហារលើអ៊ុយក្រែន មើលទៅវាចំណាយច្រើនហួសហេតុពេក។

*តើពេលណា Patriot ទៅដល់អ៊ុយក្រែន?

វាប្រហែលជាត្រូវចំណាយពេលជាច្រើនខែ មុននឹងអ៊ុយក្រែនអាចប្រើ និងដាក់ពង្រាយ Patriot នៅលើសមរភូមិ។ ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា Patriot នឹងត្រូវបញ្ជូន ទៅកាន់ប្រទេសអាល្លឺម៉ង់សិន ជាទីដែលទាហានអ៊ុយក្រែនទទួលបានការបណ្ដុះបណ្ដាលពីអ្នកជំនាញអាមេរិក ពីរបៀបប្រើប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះ។ ដូច្នេះ ការបណ្ដុះបណ្ដាលអាចនឹងត្រូវចំណាយពេលជាច្រើនខែ ដោយផ្នែកនីមួយៗនៃប្រព័ន្ធ Patriot តម្រូវឱ្យមានកងទ័ព៩០នាក់ ដើម្បីប្រតិបត្តិការ។ បន្ទាប់ពីនោះ អ៊ុយក្រែន នឹងត្រូវសម្រេចចិត្តថាតើត្រូវដំឡើងនៅទីណា និងប្រើប្រាស់យ៉ាងណា ដោយបញ្ចៀសការវាយប្រហារបំផ្លាញពីរុស្ស៉ី ដែលបានព្រមានថាប្រព័ន្ធខែលមីស៊ីលនេះនឹងក្លាយជា គោលដៅស្របច្បាប់នៃការវាយប្រហាររបស់ខ្លួនក្នុងសង្រ្គាមអ៊ុយក្រែន៕