(វៀងចន្ទន៍)៖ គណៈរដ្ឋមន្ត្រីឡាវត្រូវបានរុះរើ នៅឯថ្ងៃបញ្ចប់កិច្ចប្រជុំនៃសម័យប្រជុំពេញអង្គលើកទី៤ នៃសភាជាតិឡាវ ដែលរៀបចំឡើងនៅក្នុងរដ្ឋធានីវៀងចន្ទន៍ កាលពីថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ ជាមួយការប្រកាសតែងតាំងលោក Sonexay Siphandone ជានាយករដ្ឋមន្ត្រីថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ។

លោក Phankham Viphavanh នៅក្នុងសុន្ទរកថារបស់លោកទៅកាន់សភាជាតិ បានប្រកាសលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីឡាវ ក្រោមហេតុផលបញ្ហាសុខភាព និងដល់អាយុ ចូលនិវត្តន៍។ លោក Phankham Viphavanh កើតនៅឆ្នាំ១៩៥១ ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីឡាវដោយសភាជាតិកាលពីខែមីនា ឆ្នាំ២០២១។ លោក ក៏ធ្លាប់បានកាន់ តំណែងជាអនុប្រធាន អនុរដ្ឋមន្ត្រី រដ្ឋមន្ត្រីអប់រំ និងជាអភិបាលខេត្ត Huaphan។

នៅក្នុងសម័យជុំខាងលើ សភាជាតិឡាវ ក៏បានអនុម័តផងដែរលើការតែងតាំងលោក Sonexay Siphandone ជានាយកដ្ឋមន្ត្រីថ្មី ពីសំណាក់ប្រធានាធិបតីឡាវ លោក Thongloun Sisoulith ជាមួយសំឡេងគាំទ្រ១៤៩ ក្នុងចំណោមសន្លឹកឆ្នោតចំនួន១៥១។

*លោក Sonexay Siphandone

លោក Sonexay Siphandone កើតនៅខែមករា ឆ្នាំ១៩៦៦។ លោក Sonexay ជាសមាជិកការិយាល័យនយោបាយគណៈមជ្ឈិមនៃគណបក្សបដិវត្តន៍ប្រជាជនឡាវ (LPRP) ហើយ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកគណៈកម្មាធិការមជ្ឈិម LPRP នៅឯសភាជាតិនីតិកាលទី៨ ក្នុងឆ្នាំ២០០៦ និងជាសមាជិកការិយាល័យនយោបាយ LPRP នៅឯសភាជាតិនីតិកាលទី១០ ក្នុងឆ្នាំ២០១៦។

លោក Sonexay ក៏ធ្លាប់បានកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលឡាវផងដែរ មុនការបោះឆ្នោតតែងតាំងរូបលោកជានាយករដ្ឋមន្ត្រី ពោលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២៕