(ម៉ិកស៉ីកូ)៖ ក្រុមមន្រ្តីនៃប្រទេសម៉ិកស៉ិក បាននិយាយថា ក្រុមខ្មាន់កាំភ្លើងបានវាយប្រហារពន្ធនាគារមួយ នៅទីក្រុង ស៉ីអ៊ូឌេត ហ័រេស (Ciudad Juarez) នៃតំបន់ព្រំដែនភាគខាងជើង ហើយបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់ស្លាប់ និងនាំឲ្យអ្នកទោសចំនួន ២៤នាក់រត់គេចខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។

ការិយាល័យរដ្ឋអាជ្ញានៃរដ្ឋជីវ័រវ័រ (Chihuahua) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ក្រុមជនសង្ស័យបានបើកការប្រហារលើពន្ធនាគារ នៅម៉ោង៧ព្រឹក (ម៉ោងក្នុងស្រុក) ដោយបាញ់ប្រហារសម្លាប់ឆ្មាំពន្ធនាគារចំនួន ១០នាក់ និងអ្នកទោស៤នាក់។ យ៉ាងហោចណាស់មនុស្ស ១៣នាក់ផ្សេងទៀត បានរងរបួសក្នុងហេតុការណ៍នេះ។

ការិយាល័យរដ្ឋអាជ្ញា បានឲ្យដឹងបន្ថែមថា ទាហានម៉ិកស៊ិក និងប៉ូលិស កំពុងយាមកាមជុំវិញពន្ធនាគារខាងលើនេះ ហើយមនុស្ស ៤នាក់ត្រូវបានឃុំខ្លួន ដោយមិនបានបញ្ជាក់ពីថាតើពួកគេជាអ្នកទោស ឬអ្នកវាយប្រហារប្រដាប់អាវុធនោះទេ។ ដោយឡែកអ្នកទោសចំនួន ២៤នាក់ បានរត់ចេញពីពន្ធនាគារ ហើយការស៊ើបអង្កេតកំពុងធ្វើឡើង។

គួរបញ្ជាក់ថា អំពើហឹង្សាតែងកើតមានជាញឹកញាប់ នៅក្នុងពន្ធនាគារនៃប្រទេសម៉ិកស៊ិក។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងជាប្រចាំ ក្នុងចំណោមអ្នកទោសដូចជាក្រុមជួញដូរគ្រឿងញៀន ជាដើម៕