(ប៉េកាំង)៖ បន្សល់ពីឆ្នាំ២០២២ដែលទើបបិទបញ្ចប់នេះ បានលាតត្រដាងយ៉ាងច្បាស់ថាយើងក៏កំពុងរស់នៅក្នុង ពិភពលោកមួយដែលអារ្យធម៌របស់មនុស្សមានការរីកចម្រើនជាងពេលណាៗទាំងអស់ ដោយមានការរីកចម្រើនផ្នែក ទ្រព្យសម្បត្តិសម្ភារៈ និង ការជឿនលឿនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ស្របពេលជាមួយគ្នាដែលពិភពលោក ពោរពេញទៅដោយភាពផ្ទុយគ្នា ជម្លោះក្នុងតំបន់កើតឡើងជាញឹកញាប់ និងបញ្ហាប្រឈមជាសកលដូចជា ការរីករាតត្បាតនៃជំងឺ Covid-19 ជម្លោះប្រដាប់អាវុធ បញ្ហាភេរវនិយម ជនភៀសខ្លួន ភាពក្រីក្រ ភាពអត់ការងារធ្វើ និងគម្លាតប្រាក់ចំណូលកាន់តែធំ។ ប្រទេសជាច្រើនបានចោទសួរថា តើទីបំផុតពិភពលោកនឹងទៅជាបែបណា?

ដោយបានផ្តល់នូវចម្លើយដ៏សាមញ្ញឆ្លើយទៅនឹងសំណួរនេះ ក្នុងនាមជាអ្នកដែលទទួលបាននូវជោគជ័យ ក្នុងការសម្រេចបាននូវគោលដៅ១០០ឆ្នាំលើកទី១ របស់ខ្លួន និងជាប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិហើយដែលតែងគាំទ្រ ប្រព័ន្ធអន្តរជាតិដែលជាការគាំទ្រដល់គោលបំណង និងគោលការណ៍របស់ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ប្រទេសចិនយល់ថា ពន្លឺនៃសន្តិភាព ការអភិវឌ្ឍ និងការរីកចម្រើននឹងមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីលុបបំបាត់ភាពខ្មៅងងឹតនៃសង្គ្រាម ភាពក្រីក្រ និងការថយចុះ។

ផ្តើមទំព័រឆ្នាំ២០២៣នេះ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងពេលដែលសេដ្ឋកិច្ចរបស់ចិន បានឈានដល់ដំណាក់កាលជាប្រក្រតីថ្មី ដែលក្នុងនោះមូលដ្ឋានគ្រឹះរបស់សេដ្ឋកិច្ច បានទ្រទ្រង់ការអភិវឌ្ឍដ៏រឹងមាំ តាមរយៈគោលនយោបាយរបស់រដ្ឋាភិបាលចិន ក្នុងការកែលម្អវិធានការគ្រប់គ្រង ការរីករាតត្បាតជំងឺ Covid-19 បានចាត់ចែងរៀបចំប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដែលនេះគឺធ្វើតាមបែបវិទ្យាសាស្រ្ត និងទាន់ពេលវេលាដែលមានភាពចាំបាច់ណាស់ ក្នុងគោលបំណងការពារសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ កម្រិតអតិបរមាដែលបណ្តាលមកពីជំងឺរាតត្បាតចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

ចិនជានិច្ចកាលបានប្តេជ្ញាចិត្ត ក្នុងការបង្កើនសេដ្ឋកិច្ចបើកចំហជាសកល ចែករំលែក កាលានុវត្តភាព និងផលប្រយោជន៍ តាមរយៈការបើកចំហ និងសម្រេចបាននូវការផ្តល់ផលប្រយោជន៍រួមនិងឈ្នះ-ឈ្នះ។ ចិនមិនងាករេក្នុងការរក្សាការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍពាណិជ្ជកម្មសេរី និងការវិនិយោគសេរីជាសកល លើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាភាពបន្ស៊ីគ្នា តាមរយៈការបើកចំហសេដ្ឋកិច្ច ហើយគាំទ្រយ៉ាងពេញទំហឹង ទៅលើគោលនយោបាយពហុភាគីនិយម។

ត្រៀមក្នុងការទទួលអំណរឆ្នាំថ្មី បុណ្យនិទាឃរដូវឆ្នាំថោះ ឆ្នាំ២០២៣ ប្រទេសចិនបានឈរប្រកៀកស្មាយ៉ាងមុតមាំជាមួយ បណ្តាប្រទេសទាំងអស់ក្នុងការបង្កើននូវសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការកាន់តែច្រើន កម្លាំងវឌ្ឍនភាពប្រមូលផ្តុំគ្នាកាន់តែខ្លាំងក្លា ហើយពង្រឹងឫទ្ធានុភាពក្នុងការរួមចំណែកកាន់តែធំដល់សន្តិភាព ស្ថិរភាព វឌ្ឍនភាព និងរុងរឿងនៃពិភពលោក។ ក្នុងដំណោះស្រាយប្រឈមមុខនិងបញ្ហាលំបាក ដែលបានបន្សល់ទុកក្នុងឆ្នាំ២០២២ ប្រទេសចិនបន្តស្មារតីនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដើម្បីចូលរួមយ៉ាងសកម្មដល់ការរំសាយផ្សែងអ័ព្ទ នៃជំងឺរាតត្បាតជាសកល Covid-19 និងចូលរួមផ្តល់ពន្លឺកាន់តែធំដល់ ការអភិវឌ្ឍរបស់បណ្តាប្រទេសនានា ព្រមទាំងចូលរួមជាប្រទីបរំដោះប្រជាជនរាប់លាននាក់ ក្រោកចេញពីភាពក្រីក្រដែលបានផ្តល់ជាគតិដល់ ការដោះស្រាយវិបត្តិស្បៀងអាហារ ហើយជាពិសេសការសម្រេចបាន នូវរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមឆន្ទៈនិងគោលបំណងដើមរបស់ចិនដែលតែងរក្សាបានយ៉ាងខ្ជាប់ខ្ជួន គឺការពារអាយុជីវិតនិងបង្កើនជីវភាពកាន់តែប្រសើរថ្លៃថ្លាជូនដល់ មនុស្សជាតិ និងពង្រីកអរិយធម៌ចិនដែលតែងឲ្យតម្លៃ ទៅលើភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិ ហើយគោរពធម្មជាតិ។

ការអភិវឌ្ឍគឺជាគោលដៅដ៏ធំបំផុតសម្រាប់ប្រជាជន ហើយដើម្បីសម្រេចឲ្យបាននូវតុល្យភាពនៃការអភិវឌ្ឍ និងធានាឲ្យបានថា ប្រជាជនមានលទ្ធភាពទទួលបានឱកាស និងអត្ថប្រយោជន៍ដែលទទួលបានពីការអភិវឌ្ឍស្មើៗគ្នា ចិនតែងមានទស្សនវិស័យនិងគំរូនៃការអភិវឌ្ឍ រួមទាំងការអភិវឌ្ឍប្រកបដោយសមធម៌ដែលមាន ភាពស័ក្តិសិទ្ធិនិងមានតុល្យភាព ផ្តល់សារៈសំខាន់ខ្លាំងដល់ពិភពលោក។

ចេញដំណើរយ៉ាងស្វាហាប់ក្នុងឆ្នាំ២០២៣ កំណែទម្រង់និងបើកទូលាយបានបង្កើតអច្ឆរិយៈនៃការអភិវឌ្ឍ ត្រូវតែធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅ និងពង្រីកបើកទូលាយដោយភាពក្លាហាននៃគតិបណ្ឌិតរបស់ចិន ដោយបង្កើនភិយ្យោភាពរបស់ប្រទេសចិនក្នុងការបន្តចូលរួម ចំណែកយ៉ាងសកម្មនិងសំខាន់ថែរក្សាសន្តិភាព និងបង្កើនល្បឿននៃការអភិវឌ្ឍរបស់ពិភពលោក ស្របពេលដែលក្នុងវប្បធម៌ចិន ឆ្នាំ២០២៣ជាឆ្នាំថោះឬសត្វទន្សាយ ហើយសត្វទន្សាយត្រូវបានគេស្គាល់ថាជាសត្វ ដែលមានសំណាងជាងគេក្នុងចំណោមសត្វទាំងដប់ពីរ វាជានិមិត្តរូបនៃព្រហ្មវិហារធម៌ ភាពថ្លៃថ្នូរ ភាពវៃឆ្លាត ផ្តល់យុត្តិធម៌ និងផ្តល់គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ថែមទៀតផង។ ការណ៍នេះសុភាសិតបុរាណចិនមួយបានពោលថា «ជ័យជម្នះទទួលបាន នៅពេលដែលមនុស្សប្រមូលផ្ដុំកម្លាំងគ្នា ហើយភាពជោគជ័យនឹងទទួលបាន នៅពេលមនុស្សចូលរួមគិតទាំងអស់គ្នា»

ដរាបណាពិភពលោកនៅតែរក្សាគោលបំណង នៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងចូលរួមពួតដៃគ្នាជាមួយចិនដែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងកិច្ចបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងដោះស្រាយបញ្ហាលំបាកជាសកល នោះច្បាស់ណាស់ដែលថាពិភពលោកក្នុងឆ្នាំថោះនេះ នឹងអភិវឌ្ឍកាន់តែល្អប្រសើរ ព្រមទាំងផ្តល់ជីវិតល្អបវរនិងវិបុលភាពជូន ដល់មនុស្សជាតិទាំងមូលទៀតផង៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន