(កៀវ)៖ ឆ្នាំសកលចាស់ ២០២២ បានកន្លងហួសហើយ…ឆ្នាំថ្មី២០២៣បានឈានចូលមកដល់។ ខណៈឆ្នាំថ្មីដែលមានការសំបូងសង្រូងចង់ឱ្យសង្គ្រាមអ៊ុយក្រែនបានបញ្ចប់នោះ ដំណើរទៅមុខនៃការស្វែងរកការចរចាដើម្បីបញ្ចប់សង្គ្រាមនោះ ហាក់ដូចជានៅឆ្ងាយនៅឡើយ។ មេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី បានបន្តសង្គ្រឺតការប្តេជ្ញាវាយប្រហារគ្នាទៅវិញទៅមក ក្រោមលេសនៃការ ឈ្លានពានប្រទេសរៀងៗខ្លួន។

លោក ហ្សេលេនស្គី បានថ្លែងថាលោកសូមជូនពរដល់ពលរដ្ឋអ៊ុយក្រែនតែមួយមុខគត់នោះគឺ ជ័យជម្នះ ដែលរឿងសំខាន់បំផុតរបស់នៃបំណងប្រាថ្នារបស់ប្រជាជនអ៊ុយក្រែន។ សូមឱ្យឆ្នាំ ២០២៣គឺជាឆ្នាំនៃការជួបជុំគ្នា គឺការវិលត្រឡប់ជួបជុំពលរដ្ឋជាមួយនឹងក្រុមគ្រួសារ, ទាហាន, អ្នកទោស និងអ្នកធ្វើចំណាកស្រុកដែលបានបែកគ្នាវិលត្រឡប់មកជួបជុំគ្រួសារដូចដើមវិញ។

ចំណែកសាររបស់ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីននោះវិញ សាររបស់មេដឹកនាំរុស្ស៊ី បានអំពាវនាវដល់ពលរដ្ឋរុស្ស៊ីត្រូវរួមគ្នារឹងមាំនៅពីក្រោយកងទ័ពរុស្ស៊ីដែលកំពុងធ្វើការវាយ ប្រហារក្នុងទឹកដីអ៊ុយក្រែន និងលោកបានសន្យាយកជ័យជំនះមកជួនពលរដ្ឋរុស្ស៊ីដោយការយកឈ្នះលើលទ្ធិណាស៊ីថ្មីអ៊ុយក្រែននិងលើក្រុមប្រទេសលោកខាងលិចដែលតែងមាន បំណងចង់បំផ្លាញរុស្ស៊ី។ លោកពូទីនក្នុងសារជួនពរឆ្នាំថ្មីបានចាត់ទុកការធ្វើសង្គ្រាមនេះគឺ ដើម្បីអនាគតរបស់ប្រទេសរុស្ស៊ីតែប៉ុណ្ណោះ។

លោក ពូទីន បានថ្លែងថាក្រុមប្រទេសលោកខាងលិចបានកុហកអំពីសន្តិភាពគ្រាដែលបានត្រៀមនូវសង្គ្រាមឈ្លានពានមួយនិងពេលនេះបានទទួលស្គាល់នូវការពិតដោយចំហរនិងគ្មាន ខ្មាសអៀន។ លោកពូទីនបានថ្លែងបន្តថាពូកគេបានរួមគ្នាប្រើប្រាស់អ៊ុយក្រែននិងប្រជាជន អ៊ុយក្រែនដើម្បីចង់បំបែករុស្ស៊ីនិងចង់ធ្វើឱ្យរុស្ស៊ីទន់ខ្សោយ។ យើងនឹងមិនអនុញ្ញាតឱ្យអ្នកណា ម្នាក់ធ្វើយ៉ាងនេះមកលើប្រទេសរុស្ស៊ីយើងឡើយ។

មេដឹកនាំរុស្ស៊ីនិងអ៊ុយក្រែនបើទោះបីជាសារលិខិតរៀងៗខ្លួនបង្ហាញការប្តេជ្ញាបន្តសង្គ្រាមរក ជោគជ័យនោះក៏ដោយ ប៉ុន្តែក្នុងឳកាសពេលដំណាច់ឆ្នាំសកលនេះ ត្រូវគេឃើញបានដោះលែង និងផ្លាស់ប្តូរអ្នកទោសជាច្រើនរយនាក់រវាងគ្នាទៅវិញទៅមក។ ក្រសួងការពារជាតិរុស្ស៊ី បានថ្លែងថាមានទាហានរុស្ស៊ី៨២នាក់ត្រូវបានដោះលែងដោយទាហានអ៊ុយក្រែន ខណៈអ៊ុយក្រែន បានថ្លែងថាមានទាហានអ៊ុយក្រែនជាង១៤០នាក់ ដែលត្រូវបានរុស្ស៊ី ដោះលែងឱ្យវិលមកវិញ។ អគ្គលេខាធិការអង្គការណាតូលោក Jens Stolenberg បានថ្លែងព្រមានក្នុងពេលដែលបាន ឃើញសាររបស់មេដឹកនាំរុស្ស៊ីដោយបញ្ជាក់ថាលោកវ្លាឌីមៀរពូទីនពុំមានការចង់ បោះបង់ចោលនូវការធ្វើសង្គ្រាមឡើយ។ អគ្គលេខាធិការអង្គការណាតូរូបនេះ បានអំពាវនាវ ដល់ក្រុម ប្រទេសលោកខាងលិច ត្រូវបន្តការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនជាបន្តថែមទៀតដើម្បីការអាចធានាឱ្យអ៊ុយក្រែនបន្តរស់ជារដ្ឋមានអធិបតេយ្យភាព ហើយក៏ជាការបង្ខំឱ្យរុស្ស៊ីត្រូវ ចូលតុចរចាដើម្បីរកការបញ្ចប់សង្គ្រាមដែរ។

ការវាយប្រហាររបស់រុស្ស៊ីក្នុងដំណាច់ឆ្នាំសកលកន្លងមកនេះ បានបណ្តាលឱ្យមានមនុស្សស្លាប់៤នាក់ និងច្រើនសិបនាក់ដទៃទៀតរងរបួស។ ស្នូរស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើង ស្ទើរគ្រប់ពេលវេលាក្នុងឳកាសដែលពលរដ្ឋអ៊ុយក្រែនទន្ទឹងការផ្អាកបាញ់គ្នាណាមួយនាដំណាច់ឆ្នាំសកល ប៉ុន្តែស្នូរស៊ីរ៉ែនបានផ្តល់សញ្ញាអាសន្នប្រុងប្រយ័ត្នជារហូតជាមួយនឹងការ ឮ ស្នូរផ្ទុះជាច្រើនដែលបង្ហាញថាប្រព័ន្ធការពារអាកាស បានបាញ់ទម្លាក់គ្រាប់មីស៊ីលនិងស្ទាក់ បាញ់ទម្លាក់ដ្រូនដែលរុស្ស៊ីបានធ្វើការវាយប្រហារមកលើបណ្តាក្រុងទាំងឡាយរបស់អ៊ុយ ក្រែន។ ក្នុងដំណាច់ឆ្នាំសកលកន្លងមកនេះ រដ្ឋធានីកៀវរបស់អ៊ុយក្រែននិងបណ្តាក្រុងដទៃទៀត បានរងនឹងការវាយប្រហារដោយគ្រាប់មីស៊ីល និងដ្រូនអត្តឃាតរបស់រុស្ស៊ីជាច្រើនសិប គ្រាប់។

ការវាយប្រហារមួយនាវេលាថ្ងៃសៅរ៍ ទី៣១ធ្នូ បានសម្លាប់មនុស្ស៣នាក់។ អ៊ុយក្រែនបានថ្លែងថាប្រព័ន្ធការពារអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូន ផលិតដោយអ៊ីរ៉ង់ចំនួន៤៥គ្រឿងដែល ការវាយប្រហាររំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នោះ។ ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីបានធ្វើនៅមួយថ្ងៃមុនដំណាច់ឆ្នាំសកលផង, នៅចំថ្ងៃដំណាច់ឆ្នាំសកល ផង និងនៅបន្ទាប់ពីដំណាច់ឆ្នាំសកលវេលារំលងអាធ្រាត្រថែមទៀត។ សេចក្តីរាយការណ៍ទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ា បានថ្លែងថាក្នុងចំណោមដ្រូនវាយប្រហាររបស់រុស្ស៊ីនោះ មានដ្រូនមួយ ដែលសរសេរជា ភាសារុស្ស៊ីនូវពាក្យ «សួស្តីឆ្នាំថ្មី» ថែមទៀត និងរូប ដ្រូននោះត្រូវបានគេបង្ហោះព្រោងព្រាតតាមបណ្តាញសង្គម។ មេដឹកនាំអ៊ុយក្រែនលោក ហ្សេលេនស្គី បានថ្លែងប្តេជ្ញាថា អ៊ុយក្រែននឹងបន្ត ការវាយប្រហារតបតវិញ។

លោក ហ្សេលេនស្គីបានថ្លែងប្តេជ្ញាថានឹងវាយប្រហារតបទៅវិញដែលជាការវាយប្រហារដើម្បី ស្វែងរកជ័យជំនះឱ្យអ៊ុយក្រែន។ លោកបានថ្លែងថាសង្គ្រាមបានឈានហួស៣១១ថ្ងៃហើយ ដែលសង្គ្រាមនេះបានផ្តល់នឹងទឹកចិត្តសន្ទុះកម្លាំងដ៏ខ្លាំងក្លា និងលោកបានប្តេជ្ញាវាយផ្ចាញ់ ដាក់ទៅលើកម្លាំងទាហានរុស្ស៊ីវិញ។ សេចក្តីរាយការណ៍បន្តថានៅថ្ងៃទី១ មករាឆ្នាំ២០២៣ ការវាយប្រហារមួយដទៃទៀតរបស់រុស្ស៊ី បានសម្លាប់មនុស្សម្នាក់ក្នុងតំបន់ហ្សាប៉ូរីហ្សៀ និងធ្វើឱ្យមនុស្ស៣នាក់ទៀតរងរបួស។ សេចក្តីរាយការណ៍បានបន្តថានៅថ្ងៃច័ន្ទទី២ មករា ក៏បានការបាញ់ដាក់លើតំបន់ Dnipropetrovesk និង Zaporizhzhia ដែលក្នុងនោះកងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូន ផលិតដោយអ៊ីរ៉ង់ចំនួន៩គ្រឿងថែមទៀត។

រុស្ស៊ីនៅមុនដំណាច់ឆ្នាំសកលឆ្នាំ២០២២ បានបង្ខំឱ្យអ៊ុយក្រែនត្រូវទទួលយកសំណើចំណុច រកសន្តិភាពរបស់ខ្លួនក្នុងនោះគឺត្រូវទទួលស្គាល់ទឹកដីរណបទាំង៤រួមទាំងតំបន់គ្រីមៀរដែលរុស្ស៊ី បានកាន់កាប់តាំងពីឆ្នាំ២០១៤, ការធ្វើឱ្យអ៊ុយក្រែនជាប្រទេសដែលគ្មានយោធា និងគ្មានអំពើណាស៊ីនិយម។ ខណៈដែលអ៊ុយក្រែនបដិសេធមិនព្រមធ្វើតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយគំរាមថាកងទ័ពរុស្ស៊ីនឹងសម្រេចជោគវាសនារបស់អ៊ុយ ក្រែនហើយបើសិនជាមិនធ្វើតាមនោះទេ។ ចាប់តាំងពីមានការគំរាមនោះមក រុស្ស៊ីបានបន្តការ បាញ់ស្រោចគ្រាប់មីស៊ីលនិងដ្រូនសាឡើងវិញនៅថ្ងៃទី២៩ធ្នូ, ៣០ធ្នូ, ៣១ធ្នូ, ថ្ងៃទី១មករាឆ្នាំ ២០២៣និងបន្តបាញ់ថែមទៀតនៅថ្ងៃទី២មករា។ សង្គ្រាមនេះ ត្រូវគេរំពឹងថា នឹងមិនអាច បញ្ចប់បានដោយការចរចាគ្នាឡើយក្នុងពេលនេះ៕