(ព្រុចសែល)៖ លោក ហានស៍ ឡុតថា ដមរ៉ូស (Hans Lothar Domrose) ដែលជាអតីតមេបញ្ជាការយោធាជើងគោកអាល្លឺម៉ង់ និងមេទ័ពរបស់អង្គការណាតូ (NATO) បានព្យាករថា បទឈប់បាញ់ក្នុងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន អាចត្រូវរំពឹងទុកថា នឹងកើតមានឡើងកំឡុងឆ្នាំ២០២៣នេះ ដែលបើឆាប់បំផុតគឺខ្ទង់ពាក់កណ្តាលឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។

លោក ដមរ៉ូស បានប្រាប់ក្រុមប្រព័ន្ធផ្សព្វផ្សាយ Funke របស់ប្រទេសអាល្លឺម៉ង់ យ៉ាងដូច្នេះថា «ខ្ញុំរំពឹងថាគឺកំឡុងរដូវក្តៅ នៅពេលភាគីទាំងសងខាងទទួលស្គាល់ សង្រ្គាមស្ថិតក្នុងភាពជាប់គាំង។ ពេលវេលាដែលស្ថានភាពជាប់គាំងនោះ ទំនងនឹងលេចឡើងបំផុត គឺនៅចន្លោះខែកុម្ភៈ និងខែឧសភា។ នោះហើយនឹងជាពេលវេលា សម្រាប់ការចរចាបទឈប់បាញ់»

ប៉ុន្តែ លោក ដមរ៉ូស ដែលធ្លាប់កាន់តំណែងជាន់ខ្ពស់ ក្នុងកងកម្លាំងយោធាអន្តរជាតិ នៅប្រទេសអាហ្វហ្កានីស្ថាន និងក្រោយមកទៀត ក្នុងរចនាសម្ព័ន្ធយោធាណាតូនៅអឺរ៉ុប បានបញ្ជាក់ថា នេះមិនមានន័យថាសន្តិភាពទេ។ បើតាមលោក បទឈប់បាញ់គ្រាន់តែតំណាងឲ្យការបាញ់ប្រហារត្រូវបញ្ឈប់។ ការចរចាសន្តិភាព ទំនងជាត្រូវចំណាយពេលយូរ និងត្រូវការអ្នកសម្រុះសម្រួល ហើយលោក ក៏បានលើកឡើងអំពីឈ្មោះប្រមុខអង្គការសហប្រជាជាតិ (UN) គឺលោក អាន់តូនីញ៉ូ ហ្គូតឺរ៉ែស (Antonio Guterres) ឬប្រធានាធិបតីតួកគី លោក រីស៉ីព តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) ផងដែរ៕