(បេរូត)៖ បើ​យោង​តាម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្សបានឲ្យដឹងថា កងទ័ព​អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ ដោយ​មីស៊ីល​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ដាម៉ាស​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​សម្លាប់​មនុស្ស​បួន​នាក់​ ក្នុង​នោះ​មាន​ទាហាន​ស៊ីរី​ពីរ​នាក់​ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣។

នេះជាលើកទីពីរហើយ ក្នុងរយៈពេលតិចជាងប្រាំពីរខែមកនេះ ដែលអាកាសយានដ្ឋានដាម៉ាស ជាកន្លែងដែលក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ និងក្រុមអ្នកប្រយុទ្ធ Hezbollah លីបង់ ត្រូវបានវាយប្រហារដោយអ៊ីស្រាអែល។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ស៊ីរី SANA បានឱ្យដឹងថា ការវាយប្រហារដែលបានកើតឡើងប្រហែលម៉ោង ២:០០ព្រឹក (ម៉ោងក្នុងតំបន់) បានធ្វើឱ្យអាកាសយានដ្ឋានសំខាន់របស់ប្រទេសនេះលែងដំណើរការ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលពឹងផ្អែកលើប្រភពនៅលើដីនៅក្នុងប្រទេសស៊ីរី បាននិយាយថា មនុស្សសរុបចំនួន០៤នាក់ បានស្លាប់នៅក្នុងការវាយប្រហារកាលពីព្រឹកព្រលឹម។

លោក Rami Abdul Rahman ប្រធានក្រុមសង្កេតការណ៍បានប្រាប់ AFP ថា មីស៊ីលទាំងនោះក៏បានវាយប្រហារលើទីតាំងរបស់ក្រុម Hezbollah និងក្រុមគាំទ្រអ៊ីរ៉ង់នៅក្នុងអាកាសយានដ្ឋាន និងជុំវិញរបស់វា រួមទាំងឃ្លាំងអាវុធផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមស៊ីវិលបានផ្ទុះឡើង នៅក្នុងប្រទេសស៊ីរីក្នុងឆ្នាំ២០១១ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសរាប់រយដង ប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន ដោយផ្តោតលើកងទ័ពរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងសម្ព័ន្ធមិត្តដែលគាំទ្រដោយអ៊ីរ៉ង់ និងអ្នកប្រយុទ្ធមកពីក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត Hezbollah របស់ប្រទេសលីបង់៕