(ដាវ៉ូស, ស្វីស)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថាភាពតានតឹងនៅក្នុងតំបន់ជម្លោះដែនទឹក នៃសមុទ្រចិនខាងត្បូង បានធ្វើឱ្យរូបលោក ដេកមិនលក់សឹងតែរាល់យប់ ប៉ុន្តែនៅតែអះអាងថាហ្វីលីពីនមានការប្ដេជ្ញាចិត្តជានិច្ចចំពោះសន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។

ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស លោក Marcos បានគូសបញ្ជាក់ដូច្នេះថា «ស្ថានភាពបានធ្វើឱ្យខ្ញុំដេកមិនលក់ មិនថានៅពេលយប់ ឬពេលថ្ងៃប៉ុណ្ណោះទេ តែគឺសឹងតែគ្រប់ពេលតែម្ដង។ យើងមិនមានជម្លោះទាមទារទឹកដីជាមួយចិនឡើយ តែអ្វីដែលជាបញ្ហាសម្រាប់យើង នោះគឺចិនកំពុងធ្វើការទាមទារលើដែនដី របស់យើង...»។ ប្រធានាធិបតីហ្វីលីពីនរូបនេះបន្ថែមទៀតថា គោលនយោបាយនៃប្រទេសរបស់លោកនៅតែមានការប្ដេជ្ញាចិត្តចំពោះសន្តិភាព ហើយដែលការលើកឡើងនេះ គាំទ្រដល់ការសន្យារបស់លោក Marcos និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលថានឹងដោះស្រាយបញ្ហា និងការខ្វែងគំនិតគ្នាកលើបញ្ហាសមុទ្រចិនខាងត្បូង ដោយសន្តិវិធី និងការពិគ្រោះយោបល់ប្រកបមិត្តភាព។

គួរបញ្ជាក់ថា ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងព្រុយណេ សុទ្ធតែបានទាមទាររៀងៗខ្លួនលើអធិបតេយ្យភាពក្នុងតំបន់សមុទ្រចិនខាងត្បូង ជាទីដែលបានអះអាងថាដែនទឹក មានជម្លោះមួយភាគធំជាកម្មសិទ្ធិរបស់ខ្លួន៕