(មូស្គូ)៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា រោងចក្រឧស្សាហកម្មយោធាដ៏មានឥទ្ធិពលរបស់រុស្ស៊ី កំពុងបង្កើនការផលិតរបស់ខ្លួន ហើយនោះជាមូលហេតុចម្បងមួយដែលធ្វើឲ្យប្រទេសរបស់លោក ដណ្តើមបានជ័យជម្នះនៅអ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។

ថ្លែងទៅកាន់កម្មករនៅរោងចក្រផលិតប្រព័ន្ធការពារដែនអាកាស ក្នុងទីក្រុងសេន ផេតធឺស្បឺគ (St Petersburg) លោក ពូទីន បាននិយាយថា សមទ្ធិផលនៃសម្ភារយោធាទាំងមូលកំពុងកើនឡើងចំពេលមានតម្រូវការខ្ពស់ ដោយសារតែអ្វីដែលលោកហៅថាជាប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ក្រុមហ៊ុនអាវុធរបស់រុស្សីបានផលិតមីស៉ីលប្រឆាំងយន្តហោះក្នុងចំនួនប្រហែលគ្នា ឬដូចប្រទេសដទៃទៀតក្នុងពិភពលោករួមបញ្ចូលគ្នា ហើយច្រើនជាងសហរដ្ឋអាមេរិករហូតដល់បីដងឯណោះ។

លោក ពូទីន បានគូសបញ្ជាក់ថា «បើនិយាយពីការសម្រេចបាននូវលទ្ធផលចុងក្រោយ និងជ័យជម្នះដែលជៀសមិនរួចនោះ វាមានរឿងជាច្រើន នោះគឺជាការរួបរួមជាតិក្នុងចំណោមប្រជាជនរុស្ស៊ី និងពហុជាតិសាសន៍ ភាពក្លាហាន និងវីរភាពរបស់អ្នកប្រយុទ្ធរបស់យើង។ ហើយជាការពិតណាស់ ការងាររបស់សហគ្រាសឧស្សាហកម្មយោធា និងរោងចក្រក៏ទទួលបានសមិទ្ធផលទៅតាមនោះដែរ។ ខ្ញុំសូមធានានូវជ័យជម្នះនេះ ដោយគ្នាការសង្ស័យឡើយ»

គួរបញ្ជាក់ថា ក្នុងពេលចូលរួមប្រារព្ធខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ ថ្មីៗនេះ លោក ពូទីន បានប្រាប់អតីតយុទ្ធជនរុស្ស៉ីថា កងកម្លាំងកំពុងប្រយុទ្ធនៅអ៊ុយក្រែនដើម្បីការពារជនជាតិភាគតិចរុស្ស៉ី និងប្រជាជននិយាយភាសារុស្ស៊ីដែលទីក្រុងមូស្គូចោទថា ទទួលរងនូវការរើសអើងជាប្រព័ន្ធនៅក្នុងប្រទេសអ៊ុយក្រែន៕