(រីហ្កា)៖ ប្រទេសនៅក្នុងតំបន់បាល់ទិក រួមមានអេស្ដូនី ឡេតូនី និងលីទុយអានី បានធ្វើការអំពាវនាវរួមគ្នាមួយឱ្យអាល្លឺម៉ង់ បង្កើនភាពជាអ្នកដឹកនាំរបស់ខ្លួន និងបញ្ជូនរថក្រោះប្រយុទ្ធខា្លរខិន Leopard 2 ឱ្យអ៊ុយក្រែន ខណៈទីក្រុងបែរឡាំងកំពុងរងសម្ពាធជុំវិញការស្ទាក់ស្ទើរបញ្ជូនអាវុធធុនធ្ងន់បែបនេះ ដើម្បីជួយទីក្រុងកៀវ ប្រយុទ្ធតតាំងនឹងការឈ្លានពានពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣។

នៅក្នុងសារមួយបង្ហោះលើ Twitter នៅកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសអេស្ដូនី លោក អួរម៉ាស់ រ៉ែនសាលូ (Urmas Reinsalu) បានគូសបញ្ជាក់ដូច្នេះថា «យើង! រដ្ឋមន្ត្រីការបរទេស នៃប្រទេសអេស្ដូនី ឡេតូនី និងលីទុយអានី អំពាវនាវឱ្យអាល្លឺម៉ង់ផ្ដល់រថក្រោះប្រយុទ្ធ Leopard ដល់អ៊ុយក្រែន ក្នុងពេលឥលូវនេះ...ដែលចាំបាច់ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៉ី និងជួយអ៊ុយក្រែន ព្រមទាំងស្ដារសន្តិភាពនៅក្នុងតំបន់អឺរ៉ុបឡើងវិញភ្លាមៗ ហើយអាល្លឺម៉ង់ក្នុងនាមជាមហាអំណាចអឺរ៉ុបមួយ គឺមានទំនួលខុសត្រូវជាពិសេសលើបញ្ហានេះ»

គួរបញ្ជាក់ថា ការអំពាវនាវរបស់ប្រទេសទាំង៣ ក្នុងតំបន់បាល់ទិក កើតមានឡើងបន្ទាប់ពីអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តលោកខាងលិច មិនអាចឈានដល់ការឯកភាពគ្នាថាតើទីក្រុងបែរឡាំង ត្រូវបញ្ជូន រថក្រោះប្រយុទ្ធ Leopard 2 របស់ខ្លួន ឬក៏អនុញ្ញាតឱ្យប្រទេសដទៃដែលមានរថក្រោះប្រភេទនេះដែរ បញ្ជូនឱ្យអ៊ុយក្រែន ឬក៏យ៉ាងណានោះទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលធ្លាប់ទទូចសុំជាច្រើនលើកឱ្យមានការផ្តល់រថក្រោះប្រយុទ្ធដល់ប្រទេសលោក បាននិយាយកាលពីថ្ងៃសុក្រថា វាពុំមានជម្រើសអ្វីផ្សេងនោះឡើយ គឺក្រុមប្រទេសលោកខាងលិច ចាំបាច់ត្រូវតែផ្តល់ អាវុធប្រភេទនេះ។ ការស្ទាក់ស្ទើររបស់អាល្លឺម៉ង់ ត្រូវបានគេមើលឃើញជាទូទៅថាជាការបារម្ភខ្លាចសង្រ្គាមសព្វថ្ងៃ រាលដាលទៅជាសង្រ្គាមរវាងរុស្ស៉ី និង NATO៕