(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានតែងតាំងប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ថ្មី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលជាអ្នកការទូតជាន់ខ្ពស់មួយរូបទទួលការអប់រំពីចក្រភពអង់គ្លេស ជាផ្នែកមួយនៃការរុះរើមន្រ្តីរដ្ឋាភិបាល ហើយចំពេលកំពុងប្រឈមនឹងការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើង ពីសំណាក់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

ការិយាល័យរបស់ លោកស្រី សៃ បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេស លោក សៃ មីងយិន (Tsai Ming-yen) ដែលពីមុនធ្លាប់ជាអ្នកតំណាងផ្នែកការទូតតៃវ៉ាន់ប្រចាំនៅសហភាពអឺរ៉ុប ត្រូវបានតែងតាំងជាប្រធានការិយាល័យសន្តិសុខជាតិថ្មីជំនួស លោក ឈិន មីងតុង (Chen Ming-tong) ដែលលាលែងពីតំណែង។ លោក សៃ មីងយិន ដែលមានសញ្ញាបត្របណ្ឌិតពីនាយកដ្ឋានសិក្សាអំពីសង្គ្រាម នៃសាកលវិទ្យាល័យ King's College London ពីមុនធ្លាប់បម្រើការជាទីប្រឹក្សាក្រសួងការពារជាតិតៃវ៉ាន់ និងជាអ្នកបង្កើតក្រុមប្រឹក្សាកិច្ចការចិនដីគោក។ ផ្អែកលើជំនាញរបស់ លោក សៃ មីងយិន ចំពោះសន្តិសុខក្នុងតំបន់ កិច្ចការបរទេស និងយុទ្ធសាស្ត្រអន្តរជាតិ លោកស្រីប្រធានាធិបតីសង្ឃឹមថា នឹងអាចជួយដល់ក្រុមសន្តិសុខជាតិឲ្យ «បកស្រាយ និងធ្វើការសម្រេចចិត្តបានច្បាស់លាស់» សម្រាប់ស្ថានភាពជាមួយប្រទេសចិន និងក្នុងតំបន់។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោកស្រី សៃ អ៉ីងវិន កាលពីថ្ងៃពុធសប្តាហ៍នេះ ក៏ទើបនឹងបានជ្រើសរើសអតីតអនុប្រធានាធិបតី លោក ឈិន ឈៀនចិន (Chen Chien-jen) ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់តៃវ៉ាន់ ហើយលោកស្រីគ្រោងធ្វើសន្និសីទសារព័ត៌មានជាផ្លូវការដើម្បីបង្ហាញសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នៅថ្ងៃសុក្រនេះផងដែរ៕