(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំទីក្រុងសេអ៊ូល បានប្រកាសនៅថ្ងៃពុធនេះថា ចិនគ្រោងបន្តការផ្តល់ទិដ្ឋាការស្នាក់នៅរយៈពេលខ្លីឡើងវិញ សម្រាប់អ្នកដំណើរ​មកពីប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បន្ទាប់ពីកូរ៉េខាងត្បូងទើបតែបានលុបចោល ចំណាត់ការរឹតត្បិតទិដ្ឋាការស្រដៀងគ្នា ដែលបានដាក់លើអ្នកដំណើរចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ស្ថានទូតចិនបាននិយាយថា ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ស្ថានទូតហើយនិងស្ថានកុលស៊ុលចិននានា នឹងដំណើរការឡើងវិញ នូវសេវាកម្មចេញទិដ្ឋាការប្រភេទ​ស្នាក់នៅរយៈពេលខ្លី សម្រាប់ពលរដ្ឋកូរ៉េខាងត្បូង ដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសចិន។ ការសម្រេចបែបនេះរបស់ទីក្រុងប៉េកាំងកើតមានឡើង បន្ទាប់ពីកូរ៉េខាងត្បូងបានចាប់ផ្តើមផ្តល់ ទិដ្ឋាការស្នាក់នៅរយៈពេលខ្លី សម្រាប់ប្រជាជនចិនឡើងវិញ កាលពីចុងសប្តាហ៍មុន ក្រោមហេតុផលថា ចំនួនករណីឆ្លងកូវីដ១៩ ក្នុងចំណោមអ្នកដំណើរចិន បានថយចុះគួរឱ្យកត់សម្គាល់។

គួរបញ្ជាក់ថា ចិនបានផ្អាកការផ្តល់ទិដ្ឋាការ សម្រាប់ពលរដ្ឋកូរ៉េខាងត្បូង ក៏ដូចជាពលរដ្ឋជប៉ុនកាលពីខែមករា បន្ទាប់ពីទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូ បានប្រកាសអនុវត្តចំណាត់ការរឹតត្បិតកូវីដ១៩ លើអ្នកដំណើរមកពីប្រទេសចិន ជាទីដែលករណីឆ្លងបានស្ទុះកើនឡើងយ៉ាងខ្លាំងក្លានាពេលនោះ ក្រោយចិនបានសម្រេចលុបចោលគោលនយោបាយសូន្យកូវីដដ៏តឹងរ៉ឹងរបស់ខ្លួន។ ចិនបានប្រកាសបើកការផ្តល់ទិដ្ឋាការដល់ប្រជាជនជប៉ុនឡើងវិញ កាលពីចុងខែមុន៕