(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសថា ក្រសួងយុត្តិធម៌អាមេរិកនឹងផ្តល់ថវិកាចំនួន២៣១លានដុល្លារ ទៅកាន់បណ្តារដ្ឋនានា ដើម្បីគាំទ្រកិច្ចប្រឹងប្រែងទប់ស្កាត់ករណីអំពើហិង្សាដោយកាំភ្លើង នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ថវិកា២៣១លានដុល្លារខាងលើ នឹងត្រូវផ្តល់ទៅកាន់រដ្ឋនិងដែនដីសរុបចំនួន៤៩ របស់អាមេរិក ព្រមទាំងរដ្ឋធានីវ៉ាស៉ីនតោនឌ៉ីស៉ី ដើម្បីជួយដល់ការបង្កើត​និងការអនុវត្ត គម្រោងក៏ដូចជាកម្មវិធីផ្សេងៗ ដែលសំដៅទប់ស្កាត់អំពើហិង្សាដោយកាំភ្លើង។ វាគឺជាផ្នែកនៃច្បាប់សុវត្ថិភាពកាំភ្លើងមួយ ដែលមានទំហំទឹកប្រាក់៧៥០លានដុល្លារ ហើយត្រូវលោក ចូ បៃដិន ចុះ​ហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០២២។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ក្នុងឱកាសគម្រប់ខួប៥ឆ្នាំ នៃករណីខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់សិស្ស១៤នាក់ និងគ្រូបង្រៀន៣នាក់ នៅសាលាវិទ្យាល័យ ម៉ាចូរី ស្តូនមេន ឌូកឡាស់ (Marjory Stoneman Douglas High School) ដែលស្ថិតក្នុងទីក្រុងផាកលែន (Parkland) នៃរដ្ឋផ្លូរីដា និងមួយថ្ងៃបន្ទាប់ពី​ខ្មាន់កាំភ្លើងម្នាក់ ទើបតែបានបាញ់សម្លាប់មនុស្ស៣នាក់ និងបង្កឱ្យរបួស៥នាក់ នៅសាកលវិទ្យាល័យរដ្ឋមីឈីហ្គែន (Michigan State University)។

គួរបញ្ជាក់ថា អំពើហិង្សាដោយកាំភ្លើង គឺជាករណីកើតមានយ៉ាងញឹកញាប់ជាទីបំផុត នៅក្នុងសហរដ្ឋអាមេរិក។ យោងតាមក្រុមស្រាវជ្រាវ Gun Violence Archive (GVA) ត្រឹមមួយខែមករា ឆ្នាំ២០២៣នេះ សហរដ្ឋអាមេរិក បានជួបប្រទះករណីបាញ់ប្រហារទ្រង់ទ្រាយធំចំនួន៥២ករណី។ GVA ចាត់ទុកហេតុការណ៍អំពើហិង្សាដោយកាំភ្លើង ជាករណីបាញ់ប្រហារទ្រង់ទ្រាយធំ គឺនៅពេលមនុស្សចាប់ពី៤នាក់ឡើងទៅ បានបាត់បង់ជីវិតឬរងបួស ដោយមិនរាប់ខ្មាន់កាំភ្លើងផ្ទាល់។ បើតាម GVA សម្រាប់រយៈពេល៣ឆ្នាំចុងក្រោយនេះ គឺក្នុងមួយឆ្នាំៗមានករណីបាញ់ប្រហារទ្រង់ទ្រាយធំ លើសពី៦០០ករណី កើតមានឡើងនៅសហរដ្ឋអាមេរិក៕