(ញូដេលី)៖ អាជ្ញាធរពន្ធដារនៃប្រទេសឥណ្ឌា នៅថ្ងៃពុធនេះបានបន្តការឆែកឆេរនៅឯការិយាល័យ របស់សារព័ត៌មានអង់គ្លេស BBC ក្នុងទីក្រុងញូដេលី និងទីក្រុងម៉ុមបៃ ពោលគឺ២ថ្ងៃជាប់គ្នាក្រោយចាប់ផ្តើមកាលពីថ្ងៃអង្គារ ខណៈស្ថានការណ៍វិវត្តន៍នេះកើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានហាមឃាត់ វីដេអូ​ឯកសារមួយ ដែល BBC បានផ្សាយកាលពីប៉ុន្មានសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

មកទល់ពេលនេះ ខាងអាជ្ញាធរឥណ្ឌាមិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយឡើយ ចាប់តាំងពីប្រតិបត្តិការឆែកឆេររបស់ខ្លួន បានចាប់ផ្តើមកាលពីវេលា​ព្រឹកថ្ងៃអង្គារ ខណៈអ្នកនាំពាក្យរបស់ BBC បានឱ្យដឹងថា ស្ថាប័នសារព័ត៌មានរបស់ចក្រភពអង់គ្លេសមួយនេះ កំពុងតែផ្តល់ការសហការយ៉ាងពេញលេញជាមួយ​អាជ្ញាធរឥណ្ឌា ហើយសង្ឃឹមថានឹងអាចដោះស្រាយស្ថានការណ៍បានឆាប់តាមតែអាចទៅរួច។ ដោយឡែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌាវិញ បានរាយការណ៍ថា អាជ្ញាធរឥណ្ឌាបានរឹបអូសគណនេយ្យ ឯកសារហិរញ្ញវត្ថុ ក៏ដូចជាទូរស័ព្ទរបស់បុគ្គលិក BBC ហើយពុំមានការអនុញ្ញាតឱ្យចេញ ឬចូល​ការិយាល័យទាំង២កន្លែងនោះឡើយ។

គួរបញ្ជាក់ថា សកម្មភាពខាងលើកើតឡើង បន្ទាប់ពីសារព័ត៌មាន BBC បានចាក់ផ្សាយវីដេអូឯកសារមួយនៅចក្រភពអង់គ្លេស កាលពីខែមករា ភ្ជាប់នូវខ្លឹមសាររិះគន់ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលធ្លាប់មានតួនាទីជាប្រមុខរដ្ឋាភិបាលនៃរដ្ឋហ្គូចារ៉ាត់ (Gujarat) កាលពីឆ្នាំ២០០២ នៅពេលដែលអំពើហិង្សា​ដ៏កក្រើកបានផ្ទុះឡើងរវាងអ្នកកាន់សាសនាហិណ្ឌូ ដែលជាក្រុមភាគច្រើន និងអ្នកកាន់សាសនាអ៉ីស្លាម ដែលជាក្រុមភាគតិច ហើយបានផ្តាច់ជីវិតមនុស្សជាង ១,០០០នាក់ ដែលភាគច្រើនជាជនមូស្លីម ខណៈយ៉ាងហោច២២០នាក់ទៀតបានបាត់ខ្លួន។

រដ្ឋាភិបាលឥណ្ឌា បានហាមឃាត់វីដេអូឯកសារខាងលើ មិនឱ្យចាក់ផ្សាយនៅក្នុងប្រទេសរបស់ខ្លួនឡើយ ហើយក៏បានបញ្ជាឱ្យបណ្តាញទំនាក់ទំនងសង្គម​ដូចជា Twitter និង YouTube លុបចោលឃ្លីបនានានៃវីដេអូនោះផងដែរ។ មិនតែប៉ុណ្ណោះ កន្លងមកនេះ និស្សិតសាកលវិទ្យាល័យមួយចំនួន ក៏ត្រូវបាន​ឃាត់ខ្លួនថែមទៀតផង បន្ទាប់ពីពួកគេព្យាយាមចាក់វីដេអូឯកសាររបស់ BBC នៅក្នុងសាលា៕