(ឌូបៃ)៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថាបុរសឈ្មោះ សែហ្វ អាល់ អាដែល (Seif al-Adel) ជាអតីតមន្ត្រីកងកម្លាំងពិសេសអេហ្ស៉ីប និងជាសមាជិក ជាន់ខ្ពស់ម្នាក់របស់ក្រុមអាល់កៃដា ដែលសហរដ្ឋអាមេរិកបានផ្ដល់រង្វាន់ ១០លានដុល្លារសម្រាប់ក្បាលរបស់លោក បច្ចុប្បន្នគឺជាមេដឹកនាំថ្មីរបស់ក្រុមសកម្មប្រយុទ្ធមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងរបាយការណ៍វាយតម្លៃមួយស្ដីពីហានិភ័យបង្កឡើងដោយក្រុមអាល់កៃដា អង្គការសហប្រជាជាតិ បានបញ្ជាក់ថានៅក្នុងកិច្ចពិភាក្សាជាច្រើនក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ បណ្ដាប្រទេសជាសមាជិកជាច្រើនជឿជាក់ថាសែហ្វ អាល់ អាដែល បាននិងកំពុងកាន់តួនាទីជាមេដឹកនាំថ្មីរបស់ក្រុមអាល់កៃដារួចទៅហើយ បន្ទាប់ពីការស្លាប់របស់អៃម៉ាន់ អាល់ ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri)។

អាល់ ហ្សាវ៉ាហ៊ីរី ជាអតីតមេដឹកនាំអាល់កៃដាដែលត្រូវបានគេរាយការណ៍ថាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនអាមេរិកក្នុងរដ្ឋធានីកាប៊ុល ប្រទេស អាហ្វហ្កានីស្ថាន កាលពីឆ្នាំ២០២២ ហើយដែលនេះគឺជាការបាត់បង់ដ៏សំខាន់របស់ក្រុមសកម្មប្រយុទ្ធមួយនេះ ចាប់តាំងពីអូសាម៉ា ប៊ិន ឡាដិន (Osama bin Laden) ត្រូវបានកុម្ម៉ង់ដូពិសេសអាមេរិកសម្លាប់ កាលពីឆ្នាំ២០១១មក។ ប៉ុន្តែ ខាងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកកាលពីខែមករាកន្លងទៅនេះបានអះអាងថាអ្នកឡើងបន្តវេនជាមេដឹកនាំអាល់កៃដាថ្មីជំនួស អាល់ ហ្សាវ៉ាហ៊ីរី នៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសអាមេរិក សែហ្វ អាល់ អាដែល កំពុងរស់នៅក្នុងប្រទេសអ៉ីរ៉ង់ តែភាគីអ៉ីរ៉ង់បានបដិសេធការអះអាងនេះ។ ក្រសួងការបរទេសអាមេរិក បានប្រកាសផ្ដល់ ប្រាក់រង្វាន់ ១០លានដុល្លារសម្រាប់ក្បាល ឬព័ត៌មានទាំងឡាយណាដែលឈានទៅដល់ការចាប់ខ្លួនជនរូបនេះ។ អាល់ អាដែល ត្រូវចោទប្រកាន់កាលពីខែវិច្ឆិកា ឆ្នាំ១៩៩៨ ដោយចៅក្រម សហព័ន្ធអាមេរិកម្នាក់ថាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារបំផ្ទុះគ្រាប់បែកលើស្ថានទូតអាមេរិកប្រចាំប្រទេសតង់ហ្សានី និងកេនយ៉ា ដែលបានផ្ដាច់ជីវិតមនុស្ស ២២៤នាក់ និងបង្កឱ្យមនុស្ស រងរបួសជាង ៥,០០០នាក់៕