(វ៉ាស៉ីនតោន)៖ មនុស្សម្នាក់ត្រូវបានសម្លាប់ និង៣នាក់ទៀតរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារនៅឯផ្សារទំនើបមួយឈ្មោះ សេឡូ វីស្តា (Cielo Vista) ស្ថិតក្នុងតំបន់អែល ប៉ាសូ (El Paso) នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ជនសង្ស័យម្នាក់ត្រូវបានចាប់ឃុំខ្លួនភ្លាមៗ ហើយប៉ូលិសកំពុងតាមប្រមាញ់ជនសង្ស័យផ្សេងទៀត។ អ្នកនាំពាក្យប៉ូលិស​ លោក រ៉ូបឺត ហ្គោមេស (Robert Gomez) បានប្រាប់អ្នកយកព័ត៌មានថា មូលហេតុនៃការបាញ់ប្រហារ នៅមិនទាន់ដឹងនោះទេ។ ប៉ូលិសបានដាក់តំបន់នេះ​ជា​កន្លែង​កើតហេតុ ហើយ​បាន​ស្នើ​ឲ្យ​សាធារណជន​ចៀសវាងការទៅកាន់ទីនោះ​។

គួរបញ្ជាក់ថា Cielo Vista ជាផ្សារទំនើបមួយដែលស្ថិតនៅក្បែរផ្សារទំនើបវ៉លម៉ាត (Walmart) ជាកន្លែងដែលធ្លាប់មានករណីបាញ់ប្រហារសម្លាប់មនុស្សចំនួន ២៣នាក់ កាលពីថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០១៩។ កាលពីសប្តាហ៍មុន ជនជាប់ចោទម្នាក់ដែលជាពលរដ្ឋរស់នៅក្នុងរដ្ឋតិចសាស់ បានសារភាពទោសកំហុសចំពោះការបាញ់សម្លាប់រង្គាលនេះ ប៉ុន្តែបុរសរូបនេះ នៅតែប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតដដែល៕