(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញារបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើសុំដីកាចាប់ខ្លួនប្រធានគណបក្សប្រឆាំងប្រជាធិបតេយ្យ លោក លី ចេម្យុង (Lee Jae-myung) នៅក្នុងការស៊ើបអង្កេតលើគម្រោងអភិវឌ្ឍន៍ និងការចោទប្រកាន់ពីបទស៊ីសំណូក។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក លី ដែលជាអតីតបេក្ខជនប្រធានាធិបតីនៃគណបក្សប្រឆាំង ប្រជាធិបតេយ្យ ត្រូវបានចោទប្រកាន់ថាបានបំពានកាតព្វកិច្ច ជុំវិញការខាតបង់ថវិការដ្ឋ ចំនួន ៤៨៩.៥ពាន់លានវ៉ុន ឬស្មើនឹង ៣៨២លានដុល្លារ ពាក់ព័ន្ធក្រុមហ៊ុន សុងណាម ឌីវេឡូបមិន ខបភឺរ៉េសិន (Seongnam Development Corporation) អំឡុងពេលលោកធ្វើជាអភិបាលនៃទីក្រុងសុងណាម (Seongnam)។ លោក លី ក៏ត្រូវបានចោទប្រកាន់ពីបទទាមទារឲ្យក្រុមហ៊ុនចំនួន៤ បង់ប្រាក់ ១៣.៣ពាន់លានវ៉ុន ឬជាង១០លានដុល្លារ ដល់ក្លឹបបាលទាត់ Seongnam FC នៅពេលលោកធ្វើជាប្រធានក្លឹបបាល់ទាត់មួយនេះ ជាថ្នូរនឹងការអនុគ្រោះផ្នែករដ្ឋបាលខុសច្បាប់ ដែលរដ្ឋអាជ្ញាកូរ៉េខាងត្បូងចាត់ទុកថាជាការទទួលសំណូក។

លោក លី ដែលធ្លាប់ជាអតីតអភិបាលក្រុងសេអ៊ូល ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨ បានបដិសេដថា មិនបានប្រព្រឹត្តខុសនោះទេ។ តុលាការក្រុងសេអ៊ូល ត្រូវការសំលេងគាំទ្រពីសភាដែលមានសមាជិកសរុបចំនួន ៣០០នាក់ ហើយគណបក្សប្រជាធិបតេយ្យកាន់កាប់១៦៩អាសនៈនោះ ដើម្បីដកអភ័យឯកសិទ្ធិរបស់លោក លី។ ចំណែក គណបក្សប្រឆាំងវិញ បានថ្កោលទោសចំណាត់ការរបស់រដ្ឋអាជ្ញាកូរ៉េខាងត្បូង ថាមានចេតនានយោបាយ ។

គួរបញ្ជាក់ថា លោក លី បានចាញ់ប្រធានាធិបតី លោក យូន ស៊ុកយុល ដោយសំលេងត្រឹមតែ ០.៧% ប៉ុណ្ណោះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែមីនា ឆ្នាំ២០២២៕