(កៀវ)៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក អ៉ីឡាយ កូហិន (Eli Cohen) បានទៅដល់ទីក្រុងកៀវ នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់រដ្ឋធានីរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី កាលពីឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក កូហិន គ្រោងនឹងជួបប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ដូចជាមន្ត្រីជាន់ខ្ពស់ និងមេដឹកនាំសហគមន៍ជ្វីហ្វរបស់ប្រទេសអ៊ុយក្រែនផងដែរ។ វាមិនច្បាស់ទេថាតើ លោក កូហិន នឹងប្រកាសពីការផ្តល់ជំនួយកាន់តែច្រើនដល់អ៊ុយក្រែន អំឡុងពេលដំណើរទស្សនកិច្ចនេះឬទេ។ ប៉ុន្តែកាលពីដើមឆ្នាំ២០២៣ នេះ លោក កូហិន បាននិយាយថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នឹងបន្តផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ដូចដែលធ្លាប់បានធ្វើកន្លងមក។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីស្រាអែល កើតមានឡើងនៅមុនខួប១ឆ្នាំនៃសង្រ្គាម ខណៈដែលប្រទេសលោកខាងលិចស្វែងរក ការបង្កើនជំនួយយោធាសម្រាប់អ៊ុយក្រែន។ ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាម អ៉ីស្រាអែលបានដើរតួនាទីជាអ្នកសម្របសម្រួលជួយអ៊ុយក្រែន និងជៀសវាងទំនាក់ទំនងល្អក់កករជាមួយរុស្ស៊ី៕