(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន ក្យូដូ (Kyodo) នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៉ីម៉ាសា ហាយ៉ាស៉ិ (Yoshimasa Hayashi) បាននិយាយថា ទីក្រុងតូក្យូនឹងអញ្ជើញសមភាគីអ៊ុយក្រែនរបស់លោក ឱ្យចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃក្រុមប្រទេស G7 ដែលត្រូវប្រារព្ធឡើងនៅអាល្លឺម៉ង់ នាចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមសេចក្តីរាយការណ៍កន្លងមក របស់សារព័ត៌មានជប៉ុន Kyodo ក្នុងនាមជាអ្នករៀបចំកិច្ចប្រជុំខាងលើ និងជាប្រធានកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 ប្រចាំឆ្នាំនេះ ជប៉ុនក៏កំពុងត្រៀមរៀបចំកិច្ចប្រជុំរវាងមេដឹកនាំ G7 មួយតាមប្រព័ន្ធវីដេអូឡាញផងដែរ នៅថ្ងៃទី២៤ ខែកុម្ភៈ ពោលគឺចំគម្រប់ខួប១ឆ្នាំគត់តែម្តង នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ បើតាមការធ្លាប់អះអាងរបស់ទីក្រុងតូក្យូ ចំណាត់ការគាំទ្រសម្រាប់អ៊ុយក្រែន នឹងទណ្ឌកម្មប្រឆាំងនឹង​ប្រទេសរុស្ស៉ី ត្រូវបានរំពឹងថា នឹងជាអាទិភាពចម្បងសម្រាប់ក្រុមមេដឹកនាំប្រទេស G7។

គួរបញ្ជាក់ថា ក្រៅពីជប៉ុន ក្រុមប្រទេស G7 រួមមានដូចជា ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី និងសហរដ្ឋអាមេរិក។ ចាប់តាំងតែពីសង្រ្គាមផ្ទុះឡើងមក រដ្ឋាភិបាលជប៉ុនបានប្រកាន់ជំហរចូលរួម ជាមួយក្រុមលោកខាងលិច ដោយដាក់ទណ្ឌកម្មទៅលើបុគ្គលនិង​អង្គភាពរុស្ស៉ីជាច្រើន ហើយក៏បានផ្តល់ជំនួយជាហិរញ្ញវត្ថុ និងសម្ភារៈយោធាមិនមែនអាវុធ ឱ្យដល់អ៊ុយក្រែនផងដែរ៕