(ដាកា)៖ ប្រទេសបង់ក្លាដែស កំពុងរៀបចំបង្កើតរោងចក្រផលិតជីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នេះបើតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងស្វះស្វែងដើម្បីបំពេញតម្រូវការក្នុងស្រុក ចំពេលមានវិបត្តិផ្គត់ផ្គង់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ការពិភាក្សាអំពីការបង្កើតរោងចក្រជី នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមកាលពីឆ្នាំមុន ខណៈអនុស្សរណៈសម្រាប់ការសិក្សាពីលទ្ធភាពដើម្បីបង្កើតរោងចក្រនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃពុធរវាងក្រុមហ៊ុនឧស្សាហកម្មគីមីបង់ក្លាដែស និងក្រុមហ៊ុនកិច្ចសន្យា Hanwha អារ៉ាប៊ីសាអូឌីត។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំនិម្មិតមួយ ដែលរៀបចំដោយក្រសួងឧស្សាហកម្មបង់ក្លាដែស និងស្ថានទូតរបស់ខ្លួនក្នុងទីក្រុងរីយ៉ាទ ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វាគឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលបង់ក្លាដែសដំបូងគេ ក្នុងការបង្កើតរោងចក្រឧស្សាហកម្មនៅលើដីបរទេស។

រោងចក្រដែលគ្រប់គ្រងដោយប្រទេសទាំងពីរ នឹងជួយបំពេញតម្រូវការជីនៅក្នុងប្រទេសបង់ក្លាដែស ដែលត្រូវការចំនួន ១.៦លានតោនក្នុងមួយឆ្នាំ ដើម្បីជំរុញវិស័យកសិកម្មរបស់ខ្លួន។ ទោះជាយ៉ាងណាបរិមាណផលិតកម្មពិតប្រាកដ នឹងត្រូវបានកំណត់បន្ទាប់ពីការសិក្សាអំពីលទ្ធភាព។

គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើឱ្យកង្វះជីពិភពលោកកាន់តែធ្ងន់ធ្ងរ ហើយបានធ្វើឱ្យតម្លៃឡើងខ្ពស់លើសពេលណាៗទាំងអស់។ ការឡើងថ្លៃបានប៉ះពាល់ដល់វិស័យកសិកម្ម និងគំរាមកំហែងដល់សន្តិសុខស្បៀងរបស់ប្រទេសបង់ក្លាដែស៕