(តៃប៉ិ)៖ មន្រ្តីចិនមួយក្រុមបានទៅដល់កោះតៃវ៉ាន់នៅថ្ងៃសៅរ៍នេះ ជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល៣ឆ្នាំ ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ ដើម្បីចូលរួមព្រឹត្តិការណ៍វប្បធម៌មួយ ចំពោះមុខភាពតានតឹងផ្នែកយោធានៅឯច្រកសមុទ្រតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមមន្ត្រីចិនចំនួន ៦រូប ដែលដឹកនាំដោយលោក លឺ សៅទុង (Liu Xiaodong) អនុប្រធានការិយាល័យរបស់ទីក្រុងសៀងហៃទទួលបន្ទុកកិច្ចការតៃវ៉ាន់ គឺដើម្បីចូលរួមពិធីបុណ្យបង្ហោះគោមនៅទីក្រុងតៃប៉ិ តបតាមការអញ្ជើញរបស់តៃវ៉ាន់។ នៅពេលទៅដល់អាកាសយានដ្ឋានសុងសាន (Songshan) នៃទីក្រុងតៃប៉ិ លោក Liu មិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទេ រួចចាកចេញពីទីនោះក្រោមការការពារសន្តិសុខយ៉ាងតឹងរ៉ឹង។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាកិច្ចការចិនដីគោកដែលជាអ្នកបង្កើតគោលនយោបាយចិនរបស់តៃវ៉ាន់ បានសម្តែងក្តីសង្ឃឹមថាដំណើរទស្សនកិច្ចរបស់ក្រុមមន្រ្តីចិនខាងលើនេះ នឹងលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរដ៏ល្អ និងមានសណ្តាប់ធ្នាប់៕