(ប៉េកាំង)៖ មន្ត្រីការទូតកំពូលរបស់ប្រទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយនៅថ្ងៃសៅរ៍នេះថា ការដោះស្រាយរបស់សហរដ្ឋអាមេរិកជុំវិញឧប្បត្តិហេតុបាឡុងរបស់ចិន គឺជារឿង «មិនអាចនឹកស្មានដល់» ក៏ដូចជាទង្វើ «មិនសមហេតុផល» ដែលបំពានលើបទដ្ឋានអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងទៅកាន់បណ្តាមេដឹកនាំពិភពលោកនៅឯសន្និសិទស្តីពីសន្តិសុខ ក្នុងទីក្រុងមូនិច (Munich) នៃប្រទេសអាល្លឺម៉ង់លោក វ៉ាង បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន «មានការយល់ឃើញខុស» ចំពោះទីក្រុងប៉េកាំង។ លោក វ៉ាង ក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីការព្យាយាម «លាបពណ៌» មកលើចិន ខណៈដែលខ្លួនកំពុងអនុវត្តគោលនយោបាយដែលផ្ទុយទៅនឹងគំរូរបស់ខ្លួន ដូចជាការធ្វើពាណិជ្ជកម្មសេរីជាដើម។

លោក វ៉ាង ដែលបច្ចប្បន្នជាប្រធាន​ការិយាល័យ​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន (CPC) បានចោទជាសំណួរឡើងថា «មានបាឡុងជាច្រើន មកពីប្រទេសជាច្រើន នៅលើអាកាស តើអាមេរិកចង់បាញ់ទម្លាក់បាឡុងទាំងនោះទេ? យើង​ជំរុញ​ឲ្យសហរដ្ឋ​អាមេរិក​កុំ​ធ្វើ​រឿង​មិន​ល្អ​បែប​នេះ ដើម្បី​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​ក្នុង​ស្រុក​របស់​ខ្លួន»។

គួរបញ្ជាក់ថា យោធាសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងចិន នៅឆ្នេរសមុទ្រភាគខាងកើត កាលពីថ្ងៃទី៤ ខែកុម្ភៈ ដោយចោទថាជាបាឡុងចារកម្ម ខណៈទីក្រុងប៉េកាំងបដិសេធថាបាឡុងនេះប្រើសម្រាប់ការស្រាវជ្រាវផ្នែកអាកាសធាតុ៕