(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បានសម្រេចចិត្តទទួលយកការមើលថែទាំ និងចំណាយពេលវេលាចុងក្រោយនៃជីវិតរបស់លោកជាមួយក្រុមគ្រួសារ នៅឯផ្ទះ ជាជាងទទួលបន្តការព្យាបាលនៅឯមន្ទីរពេទ្យ។ នេះបើតាមមជ្ឈមណ្ឌល Carter Center ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Jimmy Carter មានអាយុ៩៨ឆ្នាំ ត្រូវបានគេចាត់ទុកថាជាអតីតប្រធានាធិបតីអាមេរិកម្នាក់ដែលមានអាយុវែង ជាងអតីតប្រធានាធិបតីណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រអាមេរិក បន្ទាប់ពីចាកចេញពីសេតវិមាន។ លោកបានកាន់តំណែងជាប្រធានាធិបតីអាមេរិកពីខែមករា ឆ្នាំ១៩៧៧ ដល់ខែមករា ឆ្នាំ១៩៨១។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Carter មានដើមកំណើតមកពីរដ្ឋចចជៀ (Georgia) បានជួបប្រទះនឹងបញ្ហាសុខភាពជាច្រើន ក្នុងនោះរួមមានទាំងជំងឺមហារីកស្បែកម្យ៉ាដែលគេហៅថា melanoma បានឆ្លងរាលដាលទៅដល់ ថ្លើម និងខួរក្បាលរបស់លោក។

គួរបញ្ជាក់ថា លោក Jimmy Carter គឺជាអតីតប្រធានាធិបតីអាមេរិកម្នាក់មកពីគណបក្សប្រជាធិបតេយ្យ ហើយលោកបានរៀបការជាមួយលោកស្រី Rosalynn ក្នុងឆ្នាំ១៩៤៦ និងមានកូន ចំនួន៤នាក់៕