(ដាម៉ាស)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី បានរាយការណ៍នៅថ្ងៃអាទិត្យនេះថាអ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស ដោយបានកម្ទេចអគារមួយកន្លែងនៅក្នុងរដ្ឋធានីដាម៉ាស តែជាងពីរសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ប្រល័យមួយបានវាយប្រហារលើស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី SANA ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីនៃទីបញ្ជាការប៉ូលិលប្រចាំរដ្ឋធានីដាម៉ាស ចំនួនអ្នកស្លាប់ និងរងរបួសមិនទាន់ត្រូវបានកំណត់ឱ្យច្បាស់នោះទេ ប៉ុន្តែ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (The Syrian Observatory for Human Rights) ឱ្យដឹងថាការវាយប្រហាររបស់យោធាអ៉ីស្រាលលើអគារមួយ ដែលស្ថិតនៅក្បែរមជ្ឈមណ្ឌលវប្បធម៌ អ៉ីរ៉ង់ បានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ១៥នាក់ ក្នុងនោះរួមមានទាំងជនស៊ីវិលផងដែរ។ SANA បន្ថែមថាសូរសំឡេងផ្ទុះ ត្រូវបានរាយការណ៍នៅម៉ោង ១២៖៣០នាទីយប់ឈានចូលថ្ងៃ អាទិត្យនេះ (ម៉ោងនៅក្នុងតំបន់)។ ប៉ុន្តែខាងអ៉ីស្រាអែលមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបនោះទេ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅស៊ីរីផ្ទុះឡើងកាលពីឆ្នាំ២០១១មក អ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសរាប់រយលើកនៅលើទឹកដីស៊ីរី ដោយមានគោលដៅចម្បងលើ មូលដ្ឋានរបស់កងកម្លាំងស៉ីរី កងជីវពលអ៉ីរ៉ង់ និងកងជីវពលហេសប៊ូលឡាលីបង់ ដែលជាសម្ព័ន្ធមិត្តនៃរដ្ឋាភិបាលលោកប្រធានាធិបតីស៉ីរី អាល់អាសាដ៕