(មុយនិក)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន បានព្រមានអ្នកការទូតកំពូលចិន លោក វ៉ាង យី ពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចិនជួយរុស្ស៉ីនៅក្នុងសង្រ្គាមឈ្លានពាន អ៊ុយក្រែន ខណៈទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភថាទីក្រុងប៉េកាំងកំពុងពិចារណាផ្ដល់អាវុធឱ្យទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ការព្រមានរបស់លោក ប្ល៊ីនខិន ធ្វើឡើងនៅក្នុងជំនួបមួយដែលមិនត្រូវបានបញ្ជាក់ឱ្យដឹងពីទីតាំងជាមួយលោក វ៉ាង យី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នាឱកាសដែលប្រមុខការទូតទាំង២ ចូលរួមសន្និសីទសន្តិសុខសកលក្នុងទីក្រុងមុយនិក ប្រទេសអាល្លឺម៉ង់ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក វ៉ាង យី បានរិះគន់សហរដ្ឋអាមេរិកថាបានបញ្ចេញប្រតិកម្មជ្រុលហួសហេតុពេក ជុំវិញការបាញ់ទម្លាក់បាឡុងរបស់ចិនកាលពីដើមខែកុម្ភៈនេះ។

នៅក្នុងបទសម្ភាសន៍ ក្នុងកម្មវិធី Meet the Press with Chuck Todd របស់ទូរទស្សន៍ NBC News ដែលត្រូវបានចាក់ផ្សាយនៅថ្ងៃអាទិត្យនេះ លោក ប្ល៊ីនខិន បាននិយាយថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភជាខ្លាំងថាចិនកំពុងពិចារណាផ្ដល់អាវុធដែលអាចសម្លាប់ជីវិតមនុស្សឱ្យរុស្ស៉ី ហើយលោកផ្ទាល់បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោក វ៉ាង យីដែរថា ប្រសិនបើរឿងបែបនេះពិតជាកើតឡើងមែន នោះវានឹងបង្កជាផលវិបាកធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។ «វាមានប្រភេទជាច្រើននៃជំនួយដែលអាចសម្លាប់ជីវិតមនុស្ស ដែលពួកគេ (ចិន) កំពុងពិចារណាផ្ដល់ឱ្យ (រុស្ស៉ី) ក្នុងនោះរួមមានទាំងអាវុធផងដែរ»។ នេះជាការគូសបញ្ជាក់របស់លោក ប៊្លីនខិន ដោយបន្ថែមថាទីក្រុងវ៉ាស៊ីនតោននឹងបញ្ចេញព័ត៌មានលម្អិត បន្ថែមក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បានស្គាល់ភាពតានតឹងខ្លាំងឡើងវិញជាថ្មី បន្ទាប់ពីសហរដ្ឋអាមេរិកបាញ់ទម្លាក់បាឡុងមួយរបស់ចិនដែលមន្ទីរបញ្ចកោណចោទថា ជាបាឡុងស៊ើបការណ៍ កាលពីថ្ងៃទី៤ ខែកុម្ភៈ នៅលើដែនអាកាសរបស់ខ្លួន។ មិនតែប៉ុណ្ណោះ លោក ចូ បៃដិន ក៏បានអះអាងដែរថាសហរដ្ឋអាមេរិកនឹងមិនសូមទោសទីក្រុងប៉េកាំង ជុំវិញ ការបាញ់ទម្លាក់បាឡុងចិននោះទេ ហើយបើតាមលោក ប្ល៊ីនខិន លោក វ៉ាង យី ក៏មិនបានសូមទោសចំពោះរឿងដែលបាឡុងចិនហោះចូលក្នុងដែនអាកាសអាមេរិកនោះដែរ៕