(មុយនិក)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បាននិយាយថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានធ្វើការសន្និដ្ឋានជាផ្លូវការថារុស្ស៉ីបានប្រព្រឹត្ត ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំឡុងសង្រ្គាមឈ្លានពានរបស់ខ្លួនជិតមួយឆ្នាំមកនេះនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទៅភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងនៅឯសន្និសីទសន្តិសុខទីក្រុងមុយនិក លោកស្រី ហារីស ដែលជាធ្លាប់ជាអតីតរដ្ឋអាជ្ញាម្នាក់ផងនោះ បានគូសបញ្ជាក់ដូច្នេះថា «នៅក្នុងករណីនៃសកម្មភាពរបស់រុស្ស៉ីនៅអ៊ុយក្រែន យើងបានធ្វើការត្រួតពិនិត្យលើភស្តុតាង....ហើយគ្មានអ្វីត្រូវសង្ស័យនោះទេ ពោលគឺវាពិតជាមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ លោកស្រីបន្ថែមថាអ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ រួមទាំងថ្នាក់ដឹកនាំកំពូលរបស់ពួកគេ ដែលបានសមគំនិតក្នុងឧក្រិដ្ឋកម្មបែបនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

គួរបញ្ជាក់ថា ការសន្និដ្ឋានជាផ្លូវការខាងលើ ធ្វើឡើងបន្ទាប់ពីបញ្ចប់ការវិភាគផ្នែកច្បាប់ និងភស្តុតាងរបស់ក្រសួងការបរទេសអាមេរិក។ ក្រុមអ្នកជំនាញមួយចំនួនបាននិយាយថា ការចោទប្រកាន់លើរុស្ស៉ីនឹងមិនមានឥទ្ធិពលលើសង្រ្គាមសព្វថ្ងៃនោះទេ។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថាវាអាចនឹងធ្វើឱ្យរុស្ស៉ីកាន់តែឯកោនៅលើឆាកអន្តរជាតិ ហើយនឹងជួយជំរុញ កិច្ចខិតខំប្រឹងប្រែងផ្នែកច្បាប់ ដើម្បីនាំខ្លួនមន្ត្រីមួយចំនួនរបស់លោក ពូទីន ទទួលខុសត្រូវតាមរយៈតុលាការអន្តរជាតិ និងទណ្ឌកម្ម៕