(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថាបាឡុងមួយដែលបានធ្លាក់នៅឯតំបន់កោះដាច់ស្រយាល ស្ថិតនៅក្បែរឆ្នេរសមុទ្រនៃប្រទេសចិន គឺជាប្រភេទបាឡុងតាមដានឧតុនិយម ដោយ មិនមានបំពាក់ឧបករណ៍ស៊ើបការណ៍អ្វីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្រសួងការពារជាតិតៃវ៉ាន់បញ្ជាក់ថាក្រោយការវិភាគ និងការប្រៀបធៀបបំណែកសេសសល់ បាឡុងដែលធ្លាក់នោះ ជាបាឡុងតាមដានឧតុនិយមមានបំពាក់ដោយអង់តែនចំនួនមួយ បរិក្ខារវាស់សីតុណ្ហភាព និងសំណើម ព្រមទាំងឧបករណ៍បញ្ជូនទិន្នន័យ។ សេចក្ដីថ្លែងការណ៍នេះដដែល បន្ថែមទៀតថាមាន បាឡុងជាច្រើនដែលបានរសាត់មកក្បែរតំបន់ច្រកសមុទ្រតៃវ៉ាន់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយញឹកញាប់ជាងគេនៅចន្លោះពីខែធ្នូ ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ តៃវ៉ាន់បានអះអាងថាកងកម្លាំងរបស់ខ្លួនប្រចាំកោះដុងយីន (Dongyin) ជាផ្នែកមួយកោះម៉ាត់ស៊ុ (Matsu) គ្រប់គ្រងដោយតៃវ៉ាន់ បានប្រទះឃើញ បំណែកសេសសល់ពីបាឡុងមួយ ក្រោយតាមដានវត្ថុម្យ៉ាងបានធ្លាក់ពីលើមេឃ ហើយថាបាឡុងនេះទំនងជាកម្មសិទ្ធិរបស់ចិន៕