(អង់ការ៉ា)៖ គិតមកទល់ថ្ងៃអាទិត្យនេះ មនុស្សសរុបកើនដល់ ៤៦,៤៤២នាក់ហើយ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះរញ្ជួយផែនដី ដែលបានវាយប្រហារលើប្រទេសតួកគីនិងស៉ីរី ហើយតួលេខនេះត្រូវគេរំពឹងថា នឹងនៅតែបន្តកើនឡើង ខណៈអាផាតមិនប្រហែល​ ៣៤៥,០០០បន្ទប់នៅតួកគី ត្រូវបានបំផ្លិចបំផ្លាញ រួមជាមួយមនុស្សជាច្រើននាក់ទៀតនៅបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

រយៈពេល១២ថ្ងៃ ក្រោយគ្រោះរញ្ជួយដី មនុស្សនៅរស់ចំនួន៣នាក់ទៀត រួមមានទាំងក្មេងម្នាក់ផងដែរ ត្រូវបានជួយសង្រ្គោះពីក្រោមគំនរអគារ ក្នុងប្រទេសតួកគីកាលពីថ្ងៃសៅរ៍នេះ។ គិតត្រឹពេលឥឡូវ តួលេខអ្នកស្លាប់នៅតួកគីគឺ ៤០,៦៤២នាក់ ខណៈស៉ីរីដែលនៅក្បែរខាងគ្នា មានជាង៥,៨០០០នាក់។ តួលេខអ្នកស្លាប់នៅស៉ីរីពុំបានប្រែប្រួល​ប៉ុន្មានថ្ងៃមកហើយ ស្របពេលដែលក្រុមសង្រ្គោះអន្តរជាតិភាគច្រើន បានចាកចេញពីតំបន់គ្រោះរញ្ជួយដីវិញហើយនោះ ក្រុមភ្នាក់ងារក្នុងស្រុកផ្ទាល់នៅតែកំពុង​បន្តប្រតិបត្តិការដដែល ក្រោមក្តីសង្ឃឹមថានឹងអាចស្វែងរកអ្នកនៅរស់បន្ថែមទៀត។ ដោយឡែកទាំងតួកគីនិងស៉ីរី គឺពុំបានបញ្ជាក់ច្បាស់ថា មានមនុស្សប៉ុន្មាននាក់ ដែលនៅបាត់ខ្លួនឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អង្គការសហប្រជាជាតិបានប្រកាសរៃអង្គាសថវិកាចំនួនជាង ១ពាន់លានដុល្លារ សម្រាប់ប្រតិបត្តិការសង្រ្គោះនៅ​ក្នុងប្រទេសតួកគី ហើយក៏បានប្រកាសស្នើសុំ៤០០លានដុល្លារ សម្រាប់ប្រជាជនស៉ីរីដែលរងគ្រោះផងដែរ៕