(ម៉ានីល)៖ យន្ដហោះខ្នាតតូចមួយគ្រឿង ផ្ទុកមនុស្ស៤នាក់ បានធ្លាក់នៅឯតំបន់ភាគកណ្ដាលនៃប្រទេសហ្វីលីពីន ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងបន្តស្វែងរក អ្នកដែលនៅរស់រានមានជីវិតនៅថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន យន្ដហោះខ្នាតតូចខាងលើជាប្រភេទយន្ដហោះ Cessna 340 ហើយយន្ដហោះនេះបានបាត់ចេញពីរ៉ាដា កាលពីព្រឹក ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ប៉ុន្មាននាទីក្រោយហោះឡើងចេញពីអាកាសយានដ្ឋាន​ Bicol International Airport ឆ្ពោះទៅកាន់រដ្ឋធានីម៉ានីល។ យន្ដហោះខ្នាតតូច នេះដែរត្រូវបានគេរាយការណ៍ថាមានមនុស្ស ៤នាក់ជិះនៅលើនោះ ក្នុងនោះមានអ្នកដំណើរ២នាក់ ពីឡុតម្នាក់ និងសមាជិកអាកាសយានិកម្នាក់។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរហ្វីលីពីន យន្ដហោះខ្នាតតូចនេះបានធ្លាក់នៅក្បែរអាកាសយានដ្ឋាន ហើយបញ្ហាអាកាសធាតុអាចជាមូលហេតុធ្វើឱ្យយន្ដហោះនេះ ធ្លាក់ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីជោគវាសនាមនុស្ស៤នាក់ ដែលជិះនៅលើយន្ដហោះនេះនៅឡើយទេ៕