(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាបារាំងចង់ឱ្យរុស្ស៉ីចាញ់នៅអ៊ុយក្រែន តែមិនមែនបំផ្លាញរុស្ស៉ីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ម៉ាក្រុងធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតបារាំង ឡឺ ហ្សួរណាល់ ឌុយ ឌីម៉ង់ (Le Journal du Dimanche) កាលពីថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈនេះ។ ថ្លែងនាឱកាសនោះ លោក ម៉ាក្រុង បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនគិតដូចអ្វីដែលមនុស្សមួយចំនួនកំពុងគិតនោះទេ នោះគឺថាយើងត្រូវតែ បំបាក់រុស្ស៉ីទាំងស្រុង វាយប្រហារលើទឹកដីរុស្ស៉ី»។ ប្រធានាធិបតីបារាំងរូបនេះបន្ថែមថាអ្នកខ្លះចង់បានអ្វីលើសពីនេះទៅទៀត ពោលគឺបំផ្លាញរុស្ស៉ីតែម្ដង ប៉ុន្តែនេះមិនមែនជាជំហររបស់បារាំង ហើយវាក៏នឹងមិនក្លាយជាជំហររបស់បារាំងនោះដែរ។

គួរបញ្ជាក់ថា លោក ម៉ាក្រុង ធ្លាប់ទទួលរងការរិះគន់យ៉ាងខ្លាំងពីសម្ព័ន្ធមិត្ត NATO ជាពិសេសបណ្ដាប្រទេសអឺរ៉ុបខាងកើតដែលបានចាត់ទុកថាជំហរបារាំងចំពោះ រុស្ស៉ី មានភាពទន់ខ្សោយ។ កាលពីថ្ងៃសុក្រកន្លងទៅ លោក ម៉ាក្រុងក៏បានអំពាវនាវផងដែរឱ្យបណ្ដាប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិចបង្កើនការផ្ដល់ ការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន៕