(ឡុងដ៏)៖ រដ្ឋាភិបាលអង់គ្លេសនៅថ្ងៃចន្ទសប្តាហ៍នេះថា បានកោះហៅមន្រ្តីការទូតកំពូលរបស់អ៊ីរ៉ង់ប្រចាំទីក្រុងឡុងដ៍ ដើម្បីមកបញ្ជាក់ពីការថ្កោលទោសចំពោះ «ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ» ដល់ជីវិតរបស់អ្នកសារព័ត៌មាន ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បន្ទាប់ពីបណ្តាញទូរទស្សន៍ផ្សាយជាភាសាពែរ្ស (Persian) ត្រូវបង្ខំឱ្យផ្លាស់ប្តូរទីតាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

បណ្តាញផ្សព្វផ្សាយព័ត៌មានឯកជន Iran International បានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ខ្លួនត្រូវបង្ខំចិត្តបិទស្ទូឌីយូរបស់ខ្លួននៅទីក្រុងឡុងដ៍ តាមការណែនាំរបស់ប៉ូលិសអង់គ្លេស ហើយផ្លាស់ទៅរកការផ្សាយ២៤ម៉ោង ចេញពីទីក្រុងវ៉ាស៊ីនតោន ដើម្បីសុវត្ថិភាព។ ស្ថានីយ៍ព័ត៌មានមួយនេះ បានផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបានផ្ទុះឡើងក្នុងប្រទេសអ៉ីរ៉ង់ចាប់តាំងពី ៥ខែមុន ហើយបានអះអាងថា អ្នកកាសែតជើងចាស់ពីរនាក់របស់ខ្លួន ត្រូវគេគំរាមសម្លាប់ ជាការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍របស់ពួកគេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ភារធារីនៃស្ថានទូតអ៉ីរ៉ង់ប្រចាំចក្រភពអង់គ្លេស លោក ម៉េហ៍ឌី ហូសសេនី ម៉ាទីន (Mehdi Hosseini Matin) ត្រូវបានកោះហៅ ខណៈអវត្តមានឯកអគ្គរដ្ឋទូតអ៉ីរង់។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជេមស៍ ក្លេវើលី (James Cleverly) បានគូសបញ្ជាក់ថា «ខ្ញុំមានការរន្ធត់ចិត្តចំពោះការបន្តគំរាមកំហែងដោយរបបដឹកនាំអ៉ីរ៉ង់ ចំពោះអាយុជីវិតរបស់អ្នកសារព័ត៌មានដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ហើយថ្ងៃនេះយើងបានកោះហៅតំណាងរបស់ខ្លួនមកបញ្ជាក់ឲ្យច្បាស់ថា រឿងនេះនឹងមិនអាចអត់ឱនឲ្យបានឡើយ។ ចក្រភពអង់គ្លេសនឹងប្រឈមមុខ ចំពោះប្រទេសណា ដែលគំរាមកំហែងដល់តម្លៃជាមូលដ្ឋាននៃសេរីភាពនៃការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយ»

គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២២មក ប៉ូលិសក្រុងឡុងដ៍ បានធ្វើការជាមួយទីភ្នាក់ងារចារកម្ម MI5 ដោយបង្រ្កាបបានផែនការ «ចាប់ជំរិត ឬសម្លាប់» ចំនួន១៥ករណី លើក្រុមមនុស្សដែលត្រូវបានគេចាត់ទុកថាជា «សត្រូវនៃរបបអ៉ីរ៉ង់»៕