(មូស្គូ)៖ ទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូសកូសម៉ូស (Roscosmos) នៅថ្ងៃអង្គារនេះ បាននិយាយថា ក្រុមអវកាសយានិក ដែលកំពុងជាប់នៅលើស្ថានីយអវកាស​អន្តរជាតិ (ISS) ដោយសារតែយានធ្វើដំណើររបស់ពួកគេបានជួបការខូចខាតនោះ គឺឥឡូវត្រូវបានរំពឹងថា នឹងមិនទាន់វិលត្រឡប់ចុះមកផ្ទៃផែនដីវិញទេ រហូតទាល់តែដល់ខែកញ្ញា ឆ្នាំ២០២៣ ពោលគឺរយៈពេលសរុប១ឆ្នាំ បន្ទាប់ពីពួកគេបានឡើងទៅដល់ទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

អវកាសយានិករុស្ស៉ី លោក ឌីមីទ្រី ប៉េតេលីន (Dmitry Petelin) និងលោក សឺហ្គៃ ប្រូកូបយេវ (Sergei Prokopyev) ព្រមទាំងអវកាសយានិកអាមេរិក លោក ហ្រ្វែង រូប៊ីអូ (Frank Rubio) បានធ្វើដំណើរឡើងទៅកាន់ស្ថានីយអវកាស ISS កាលពីខែកញ្ញា ឆ្នាំ២០២២ តាមរយៈយានអវកាសរុស្ស៉ី សូយូស អឹម-២២ (Soyuz MS-22)។ ដំបូងឡើយ ពួកគេត្រូវបានកំណត់ថា នឹងត្រឡប់មកវិញតាមយានដដែល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ប៉ុន្តែយានអវកាសនោះ បានជួបបញ្ហាលេចធ្លាយ កាលពីពាក់កណ្តាលខែធ្នូ ក្រោយប៉ះទង្គិចជាមួយកម្ទេចថ្មអវកាសដ៏តូចមួយ។

ពេលនេះ រុស្ស៉ីកំពុងត្រៀមបញ្ជូនយានអវកាសសង្រ្គោះមួយគ្រឿងគឺ Soyuz MS-23 ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ប៉ុន្តែការត្រឡប់​មកវិញ របស់អ្នកទាំង៣ នឹងមិនកើតឡើងក្នុងពេលឆាប់ៗឡើយ ដ្បិតនៅថ្ងៃអង្គារនេះ ទីភ្នាក់ងារអវកាស Roscosmos បានចេញសេចក្តីថ្លែងការណ៍ថា ការវិលត្រឡប់ចុះមកផ្ទៃផែនដីវិញ របស់ក្រុមអវកាសយានិកទាំង៣រូប នាពេលនេះគឺត្រូវបានកំណត់ថា នឹងធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២៣ តាមរយៈយាន Soyuz MS-23។

Roscosmos បានអះអាងថា ការអូសបន្លាយពេលស្នាក់នៅយូរជាងការកំណត់នេះ គឺមិនបង្កហានិភ័យផ្នែកសុខភាព ចំពោះក្រុមអវកាសយានិកឡើយ។ ជាធម្មតា បេសកកម្មស្នាក់នៅលើស្ថានីយអវកាស ISS គឺមានរយៈពេលត្រឹម៦ខែប៉ុណ្ណោះ ប៉ុន្តែកាលពីឆ្នាំ២០២១ អវកាសយានិករុស្ស៉ី លោក ផ្យូទ័រ ឌូប្រូវ (Pyotr Dubrov) និងអវកាសយានិកអាមេរិក លោក ម៉ាក វ៉ាន (Mark Vande) ក៏បានចំណាយពេល១ឆ្នាំ នៅស្ថានីយ ISS ផងដែរ ក្រោយបេសកកម្ម​របស់ពួកគេ ត្រូវបានបន្ថែមពេលវេលា។

គួរបញ្ជាក់ថា បច្ចុប្បន្នវិស័យអវកាស បានបន្តជាច្រកផ្លូវដ៏កម្រមួយនៃកិច្ចសហប្រតិបត្តិការ រវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៉ីនតោន គិតចាប់តាំងពីរុស្ស៉ីបាន​បើកការឈ្លានពានលើអ៊ុយក្រែន កាលពី១ឆ្នាំមុន៕