(ប៉េកាំង)៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ប្រទេសចិនបានចេញផ្សាយជាផ្លូវការនូវ "ឯកសារស្តីពីគំនិតផ្តួចផ្តើមសន្តិសុខសកល" ដែលពន្យល់អំពីគោលគំនិត និងគោលការណ៍ស្នូលនៃគំនិតផ្តួចផ្តើមសន្តិសុខសកល ព្រមទាំងបានបញ្ជាក់ពីទិសដៅនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ និងយន្តការពាក់ព័ន្ធ។

ថ្លែងក្នុងវេទិកា Lanting ក្រោមប្រធានបទ "គំនិតផ្តួចផ្តើមសន្តិសុខសកល៖ ដំណោះស្រាយរបស់ចិនសម្រាប់បំបែក ភាពជាប់គាំងនៃសន្តិសុខ "ដែលបានធ្វើឡើងនៅព្រឹកថ្ងៃដដែលនោះ លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងថា ឯកសារនេះបានបង្ហាញពីទំនួលខុសត្រូវរបស់ចិន ក្នុងការគាំពារសន្តិភាពពិភពលោក និងការប្តេជ្ញាចិត្តក្នុងការការពារសន្តិសុខសកល។ ជាមួយគ្នានេះ លោកក៏បានបង្ហើបឱ្យដឹងថា ប្រទេសចិននឹងរៀបចំធ្វើសកម្មភាពជាន់ខ្ពស់ស្តីពីគំនិតផ្តួចផ្តើមសន្តិសុខសកលក្នុងពេលសមរម្យ ដើម្បីពិគ្រោះពិភាក្សាអំពីបញ្ហាសន្តិសុខជាមួយភាគីនានា។

លោក Qin Gang បានលើកឡើងថា ឯកសារនេះបានរៀបរាប់នូវទិសដៅសំខាន់ៗចំនួន ២០ សម្រាប់កិច្ចសហប្រតិបត្តិការស្តីពី គំនិតផ្តួចផ្តើមសន្តិសុខសកល ពោលគឺ៖ គាំទ្រយ៉ាងមុតមាំនូវតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងអភិបាលកិច្ចសន្តិសុខ។ ខិតខំប្រឹងប្រែងដើម្បីជំរុញការសម្របសម្រួល និងអន្តរកម្មវិជ្ជមានរវាងប្រទេសធំ ផ្តួចផ្តើមឱ្យប្រទេសធំនាំមុខគេក្នុងការអនុវត្តសមភាព រួមសហការ និងនីតិរដ្ឋ និងប្រឆាំងនឹងអនុត្តរភាព។ ជំរុញយ៉ាងសកម្មនូវការសន្ទនា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដោយសន្តិវិធី។ ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះ បញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី។ បន្តពង្រឹងប្រព័ន្ធអភិបាលកិច្ចសន្តិសុខសកល និងការកសាងសមត្ថភាព។

លោក Qin Gang បានថ្លែងទៀតថា សន្តិសុខគឺជាសិទ្ធិរបស់ប្រទេសទាំងអស់លើពិភពលោក ដែលមិនត្រូវសន្មតដោយប្រទេសណាមួយនោះទេ៕

វិទ្យុមិត្តភាពកម្ពុជាចិន