(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) បានប្រកាសដាក់ទណ្ឌកម្មថ្មីទៀត ទៅលើបុគ្គលនិងស្ថាប័នសរុបចំនួន១៦ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នស្ថិតក្រោម​ការដឹកនាំរបស់រដ្ឋាភិបាលយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

បុគ្គលដែលជាប់ទណ្ឌកម្មថ្មីខាងលើរបស់ EU រួមមានទាំងអ្នកនយោបាយនិងមន្រ្តីរដ្ឋបាល នៅក្នុងទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ាគឺ យ៉ាងហ្គូន (Yangon) ដែលមាន​ជាប់ព័ន្ធ ក្នុងការប្រហារជីវិតសកម្មជនគាំទ្រប្រជាធិបតេយ្យចំនួន៤នាក់ កាលពីខែកក្កដា ឆ្នាំ២០២២ ហើយនៅពីក្រោយសកម្មភាពសម្លាប់រង្គាល ការវាយប្រហារតាមផ្លូវអាកាស ព្រមទាំងការប្រើប្រាស់ជនស៉ីវិលស្លូតត្រង់ជាខែល កំលុងប្រតិបត្តិការយោធា នៅរដ្ឋកាជីន (Kachin) ភាគខាងជើងប្រទេស ជាដើម។ បន្ថែមពីនេះទៀត រដ្ឋមន្រ្តីថាមពល, នាយសេនាធិការកងកម្លាំងប្រដាប់អាវុធ, ប្រមុខកងទ័ពជើងទឹក និងមេទ័ពប្រចាំភូមិភាគរបស់ប្រទេសមីយ៉ាន់ម៉ា រួមជាមួយ ប្រធានក្រុមហ៊ុនចំនួន៣ ដែលផ្តល់អាវុធឱ្យយោធា ក៏មានឈ្មោះនៅក្នុងការដាក់ទណ្ឌកម្មនោះផងដែរ។

សហភាពអឺរ៉ុបបានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍ថា «អ្នកដែលប្រព្រឹត្តរដ្ឋប្រហារ អំពើហិង្សា និងការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ គួរតែទទួល​រងការដាក់ពិន័យ» ហើយ EU បានសង្កត់ធ្ងន់ថា ខ្លួនថ្កោលទោសជាខ្លាំងចំពោះទង្វើទាំងនេះ។ បុគ្គលនិងស្ថាប័ន ដែលមានឈ្មោះក្នុងបញ្ជីទណ្ឌកម្មរបស់ EU ដែលមកទល់ឥឡូវរួមមានបុគ្គលសរុប៩៣នាក់ និងស្ថាប័នសរុបចំនួន១៨ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺត្រូវជាប់បម្រាមបង្កកទ្រព្យសម្បត្តិ និងត្រូវហាមឃាត់មិនឱ្យធ្វើដំណើរ​នៅក្នុង EU បានឡើយ។

គួរបញ្ជាក់ថា ចំណាត់ការខាងលើ គឺជាការដាក់ទណ្ឌកម្មជុំទី៦ របស់សហភាពអឺរ៉ុប ប្រឆាំងលើមីយ៉ាន់ម៉ា គិតចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារដណ្តើម​អំណាច នៅក្នុងប្រទេសអាស៊ានមួយនេះ ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២១មក៕