(មូស្គូ)៖ នាថ្ងៃអង្គារនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើការថ្លែងសារទៅកាន់ប្រជាជាតិ មុនថ្ងៃខួបរយៈពេល១ឆ្នាំគត់ ក្រោយការចាប់ផ្តើម​នៃសង្រ្គាមនៅអ៊ុយក្រែន ដោយកំលុងពេលនោះ រូបលោកនៅតែប្រកាន់គោលជំហរដដែលថា ក្រុមប្រទេសលោកខាងលិច គឺជាអ្នកដែលដុតបញ្ឆេះឱ្យ​សង្រ្គាមត្រូវផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងនៅចំពោះមុខក្រុមមន្រ្តីជាន់ខ្ពស់ ឥស្សរជននយោបាយ សមាជិកសភា និងមេបញ្ជាការយោធា ក្នុងសភាជាតិនៃប្រទេសរុស្ស៉ី លោក ពូទីន បានអះអាងថា រុស្ស៉ីបានព្យាយាមដោះស្រាយ​វិបត្តិជម្លោះប្រដាប់អាវុធ នៅតំបន់ដុនបាស់ភាគខាងកើតអ៊ុយក្រែន តាមមធ្យោបាយសន្តិវិធី ប៉ុន្តែទីបំផុតត្រូវបានគេបង្ខំឱ្យប្រើជម្រើសកម្លាំងបាយ។ លោកប្រធានាធិបតីរុស្ស៉ី បាននិយាយថា ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន គឺដើម្បីទប់ស្កាត់ផែនការវាយប្រហារទ្រង់ទ្រាយធំ របស់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានក្រុមខាងលិចលិចនៅពីក្រោយខ្នង ប្រឆាំងមកលើតំបន់ចង់ផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែន ព្រមទាំងមកលើតំបន់គ្រីមៀ ដែលរុស្ស៉ីក្រសោបយកកាលពីឆ្នាំ២០១៤។

លោក ពូទីន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំចង់បញ្ជាក់ម្តងទៀតថា ពួកគេជាអ្នកដែលបានចាប់ផ្តើមសង្រ្គាមនេះ ហើយពួកយើងបានប្រើប្រាស់កម្លាំងដើម្បីបញ្ឈប់វា»។ បើតាមការយល់ឃើញរបស់លោក ពូទីន សង្រ្គាមរយៈពេល១២ខែមកនេះ ដែលទីក្រុងមូស្គូហៅថា ប្រតិបត្តិការយោធាពិសេសនោះ គឺដើម្បីការពារប្រទេសរុស្ស៉ី និងរារាំងការវាយប្រហារមកលើទឹកដីប្រវត្តិសាស្រ្តរបស់រុស្ស៉ី ដែលលោកចាត់ទុកថា រួមបញ្ចូលនូវផ្នែកភាគខាងត្បូងនិងខាងកើត​របស់អ៊ុយក្រែន។

គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែនបានចាប់ផ្តើមឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ទីក្រុងកៀវនិងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បានចាត់ទុក​ទង្វើរបស់រុស្ស៉ីថា ជាការធ្វើសង្រ្គាមឈ្លានពានពង្រីកទឹកដីប្រឆាំងនឹងប្រទេសដទៃ ដែលមានលក្ខណៈដូចពួកចក្រពត្តិយ៉ាងដូច្នោះ៕