(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីបានប្រកាសនៅថ្ងៃសៅរ៍នេះថា ប្រមុខការពារជាតិរុស្ស៉ី​ លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានធ្វើទស្សនកិច្ចយ៉ាងកម្រមួយ ដើម្បីទៅត្រួតពិនិត្យកងកម្លាំងយោធារបស់រុស្ស៉ី ដែលកំពុងឈរជើងនៅអ៊ុយក្រែន។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា លោក សូយហ្គូ បានចុះត្រួតពិនិត្យប៉ុស្តិ៍បញ្ជាការដ្ឋានមួយរបស់យោធារុស្ស៉ី ដែលស្ថិតនៅម្តុំភាគខាងត្បូងនៃតំបន់ដូណេត (Donetsk) ប៉ុន្តែពុំមានការបញ្ជាក់ច្បាស់ពីទីតាំងឬកាលបរិច្ឆេទ នៃដំណើរទស្សនកិច្ចរបស់​លោកឡើយ។ ក្នុងឃ្លីបវីដេអូដែលបញ្ចេញដោយក្រសួងការពារជាតិរុស្ស៉ី បានបង្ហាញឱ្យឃើញលោក សូយហ្គូ បំពាក់មេដាយដល់យោធិនរុស្ស៉ី ហើយដើរពិនិត្យក្នុងក្រុងដែលបានរងការបំផ្លិចបំផ្លាញខ្លាំងមួយ ជាមួយមេបញ្ជាការយោធារុស្ស៉ីម្នាក់។

គួរបញ្ជាក់ថា ក្រុមថ្នាក់ដឹកយោធាកំពូលៗរបស់រុស្ស៉ី កម្រនឹងធ្វើទស្សនកិច្ចទៅកាន់ តំបន់ខ្សែបន្ទាត់ជួរមុខនៅអ៊ុយក្រែនណាស់ ចាប់តាំងពី​កងទ័ពរុស្ស៉ីរាប់ម៉ឺននាក់ ត្រូវបានបញ្ជូនឱ្យចូលឈ្លានពានអ៊ុយក្រែន កាលពីជាងមួយឆ្នាំមុន ក្នុងសកម្មភាពដែលទីក្រុងមូស្គូនៅតែបន្តហៅថា «ប្រតិបត្តិការយោធាពិសេស» រហូតមកទល់នឹងពេលនេះ។

ការប្រកាសអំពីដំណឹងទស្សនកិច្ចរបស់លោក សូយហ្គូ កើតមានឡើង ស្របពេលដែលការប្រយុទ្ធគ្នា មានភាពតានតឹងកាន់តែខ្លាំងនៅជុំវិញ​ទីក្រុងបាកមូត (Bakhmut) ភាគខាងកើតអ៊ុយក្រែន។ បច្ចុប្បន្នទីក្រុងនេះ បានក្លាយជាទីក្រុងខ្មោចដែលត្រូវបានបំផ្លិចបំផ្លាញហិនហោច ដោយសារតែការបាញ់ផ្លោងឥតឈប់ឈរពីកងកម្លាំងរុស្ស៉ី ខណៈការដណ្តើមគ្រប់គ្រងវា គឺជាសមាសធាតុដ៏សំខាន់នៃគោលដៅធំរបស់រុស្ស៉ី ក្នុងការប៉ុនប៉ងកាន់កាប់តំបន់ដូណេត (Donetsk) របស់អ៊ុយក្រែន ឱ្យបានទាំងមូល៕