(ហ្សាកាតា)៖ យ៉ាងហោចណាស់មនុស្សចំនួន ១៥នាក់បានស្លាប់ និងរាប់សិបនាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដី បានវាយប្រហារតំបន់ណាទូណា (Natuna) របស់ប្រទេសឥណ្ឌូណេស៉ី នៅមាត់សមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣។

ក្រុមមន្ត្រីឥណ្ឌូណេស៉ី បាននិយាយថា ភាពដាច់ស្រយាលនៃភូមិដែលរងគ្រោះដោយការរអិលបាក់ដី ក្នុងតំបន់ណាទូណា នៃកោះរីអាអ៊ូ (Riau) រួមផ្សំដោយអាកាសធាតុមិនល្អ និងបណ្តាញទំនាក់ទំនងធ្លាក់ចុះ នាំឲ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានភាពស្មុគស្មាញ។

ប្រធានទីភ្នាក់ងារជួយសង្រ្គោះប្រចាំនៅតំបន់ណាទូណា លោក អាប់ឌុល រ៉េហ៍មែន (Abdul Rahman) បានប្រាប់ AFP ឲ្យដឹងថា មនុស្សចំនួន ១៥នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ចំណែកមនុស្សចំនួន ៥០នាក់ទៀត កំពុងបាត់ខ្លួន។ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយនៃកោះរីអាអ៊ូ (Riau) លោកស្រី ជូនៀណា (Junainah) បានគូសបញ្ជាក់ថា «អាកាសធាតុកំពុងផ្លាស់ប្តូរ។ ខ្យល់នៅតែបក់បោកខ្លាំង ហើយទឹកមានរលកខ្ពស់»

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ីងាយរងគ្រោះដោយការបាក់ដីក្នុងរដូវវស្សា និងកាន់តែធ្ងន់ធ្ងរទៅនៅកន្លែងខ្លះដែលរងការកាប់បំផ្លាញព្រៃឈើ ហើយភ្លៀងធ្លាក់ខ្លាំងអូសបន្លាយបានបណ្តាលឲ្យមានទឹកជំនន់ នៅតំបន់ផ្សេងៗគ្នានៃប្រទេសប្រជុំកោះមួយនេះ។ អ្នកជំនាញនិយាយថា គ្រោះមហន្តរាយធម្មជាតិនៅឥណ្ឌូណេស៉ី ប្រហែលកាន់តែអាក្រក់ទៅដោយសារកត្តាប្រែប្រួលអាកាសធាតុ៕