(ប៉ារីស)៖ ប្រធានាធិបតីបារំាង លោក អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានបង្ហាញផែនការដើម្បីទប់ទល់នឹង វិបត្តិខ្វះខាតទឹក ក្នុងគោលបំណងអភិរក្សធនធាននេះ នៅពេលប្រឈមមុខនឹងគ្រោះរាំងស្ងួតជាបន្តបន្ទាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ម៉ាក្រុង បានបង្ហាញនូវវិធានការចំនួន៥០ចំណុច ស្តីពីការចែករំលែក ប្រើប្រាស់ឡើងវិញ និងសន្សំសំចៃទឹក។ នេះជាការប្រកាសដ៏សំខាន់លើកដំបូងរបស់ លោក ម៉ាក្រុង បន្ទាប់ពីរូបលោកបានផ្តោតតែទៅលើ បញ្ហាធ្វើកំណែទម្រង់ច្បាប់សោធននិវត្តន៍ ដែលបានបង្កឲ្យមានការតវ៉ានៅទូទាំងប្រទេស រយៈពេលប៉ុន្មានសប្តាហ៍មកនេះ។ ថ្លែងចេញពីទីក្រុងសាវីន ឡឺ ឡាក់ (Savines-le-Lac) លោក ម៉ាក្រុង បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ការតវ៉ាគឺជារឿងធម្មតាទេ ប៉ុន្តែវាមិនមានន័យថាយើងគួរតែបញ្ឈប់អ្វីដែលយើងត្រូវធ្វើនោះទេ»

លោក ម៉ាក្រុង បានបន្ថែមថា «វាមិនមែនជាការធ្វើឯកជនភាវូបនីយកម្មទឹកនោះទេ តែមានការអំពាវនាវឲ្យគម្រោង នាពេលអនាគតត្រូវបានដាក់លក្ខខណ្ឌ កំណត់លើការផ្លាស់ប្តូរសំខាន់ៗដោយចាប់ផ្តើមពីការសន្សំទឹក កាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតរបស់កសិករ»

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ប្រទេសបារាំងបានជួបប្រទះនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងកំណត់ត្រា។ នៅក្នុងរដូវរងានេះ កំណត់ត្រាភ្លៀងធ្លាក់បានធ្លាក់ចុះចំនួន ៣២ថ្ងៃ ។ វាបានធ្វើឱ្យទឹកក្នុងអាងស្តុកបារាំង ស្ថិតនៅប្រមាណ ៨០ភាគរយ ក្រោមកម្រិតធម្មតា កាលពីដើមខែមីនា៕