(វែស ប៊ែង)៖ ទាហានអ៉ីស្រាអែលម្នាក់ បានបាញ់សម្លាប់បុរសជាជនជាតិប៉ាឡេស្ទីនម្នាក់ នៅក្នុងតំបន់វែស ប៊ែង (West Bank) តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប៉ូលិសអ៉ីស្រាអែលម្នាក់ បាញ់សម្លាប់និស្សិតពេទ្យម្នាក់នៅឯបរិវេណវិហារអាល់អឹកស (Al-Aqsa) នៅចំពោះមុខភាពតានតឹងកាន់តែឡើងកម្ដៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣។

ខាងអាជ្ញាធរប៉ាឡេស្ទីន បានកំណត់អត្តសញ្ញាណបុរសប៉ាឡេស្ទីនខាងលើដែលត្រូវបានសម្លាប់ក្នុងតំបន់ West Bank កាលពីថ្ងៃសៅរ៍ ទី១ ខែមេសា មានឈ្មោះថា មហាំម៉ាត់ រ៉ាអ៉ីដ បារ៉ាឌីយ៉ាស់ (Mohammad Ra’ed Baradiyah) មានអាយុ២៤ឆ្នាំ។ បើតាមសាក្សីនៅកន្លែងកើតហេតុ ទាហានអ៉ីស្រាអែល បានបាញ់បុរសឈ្មោះ Baradiyah នៅក្នុងរថយន្ដរបស់លោក ដែលបណ្ដាលឱ្យបុរសរូបនេះរងរបួស និងហូរឈាមជាខ្លាំងរហូតដល់បាត់បង់ជីវិត ដោយមិនមានការអនុញ្ញាតឱ្យមានការជួយសង្រ្គោះពីគ្រូពេទ្យឡើយ។​

ចំណែកឯ អ៉ីស្រាអែលវិញ បានអះអាងថាបុរសឈ្មោះ Baradiyah ត្រូវបានបាញ់សម្លាប់ ដោយសាររូបគេបានបើករថយន្ដបំបុកទាហានអ៉ីស្រាអែលមួយក្រុម ដោយបង្កឱ្យមនុស្ស៣នាក់ រងរបួស។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ដដែលនោះដែរ ប៉ូលិសអ៉ីស្រាអែល ក៏បានឱ្យដឹងដែរថាពួកគេបានបាញ់សម្លាប់បុរសជនជាតិប៉ាឡស្ទីនម្នាក់ផ្សេងទៀត នៅឯបរិវេណវិហារអាល់ អឹកស ដោយ ចោទប្រកាន់ថាបុរសរូបនេះបានព្យាយាមដណ្ដើមកំាភ្លើងពីមន្ត្រីប៉ូលិសម្នាក់។ ប៉ុន្តែខាងគ្រួសារជនរងគ្រោះបង្ហាញការមិនពេញចិត្តចំពោះការលើកឡើងនេះ និងបានស្នើសុំមើលកាមេរ៉ា សុវត្ថិភាព៕