(លីស្បោន)៖ មនុស្សរាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅតាមដងផ្លូវ ក្នុងទីក្រុងលីស្បោន (Lisbon) និងទីក្រុងជាច្រើនផ្សេងទៀត នៅទូទាំងប្រទេសព័រទុយហ្កាល់ កាលពីថ្ងៃសៅរ៍ ទី១ ខែមេសា ដើម្បីបង្ហាញការមិនពេញចិត្ត និងតវ៉ាចំពោះការឡើងថ្លៃតម្លៃជួលផ្ទះ ចំពេលដែលអតិផរណាកំពុងកើនឡើងក្នុងតំបន់អឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣។

​នៅក្នុងបាតុកម្មតវ៉ានៅឯទីក្រុងលីស្បោន បាតុករម្នាក់ឈ្មោះ រីតា ស៊ីលវ៉ា (Rita Silva) បានលើកឡើងដូច្នេះថា «នេះគឺជាវិបត្តិផ្ទះសម្បែងដ៏ធ្ងន់ធ្ងរមួយក្នុងពេលសព្វថ្ងៃ ហើយនេះគឺជាភាព អាសន្នសង្គមមួយ»

គួរបញ្ជាក់ថា ព័រទុយហ្កាល់ គឺជាប្រទេសក្រីក្រមួយនៅក្នុងតំបន់អឺរ៉ុបខាងលិច ដោយទិន្នន័យកាលពីឆ្នាំ២០២២ របស់រដ្ឋាភិបាលបានបង្ហាញថាពលករច្រើនជាង ៥០ភាគរយ អាចរកចំណូល បានតិចជាង ១,០០០អឺរ៉ូ ឬស្មើនឹងជាង ១,០៨៤ដុល្លារក្នុងមួយខែ ខណៈប្រាក់ខែអប្បបរាមាប្រចំាខែគឺ ៧៦០អឺរ៉ូ។ ប៉ុន្តែ តម្លៃជួល ឬលក់ផ្ទះវិញបានឡើងថ្លៃខ្ពស់កប់ពពព ជាពិសេសនៅក្នុង ទីក្រុងលីស្បោន។ តួយ៉ាងកាលពីឆ្នាំ២០២២ តម្លៃជួល និងលក់ផ្ទះបានកើនឡើង៣៧ភាគរយ ពោលគឺខ្ពស់ជាងទីក្រុងបាស់សេឡូណា ឬទីក្រុងប៉ារីសទៅទៀត៕